ព័ត៌មានជាតិ

សម្ដេចតេជោ​៖​ តេីកីឡាប្រដាល់កម្ពុជា ​ឈានទៅមុខម្តេចបាន ​ បើសហព័ន្ធទុកឱ្យ អាជ្ញាកណ្តាលធ្វើបែបនេះ?​

ភ្នំពេញ​ ៖​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃកម្ពុជា​ បានចោទសួរថា​ តើកីឡាប្រដាល់កម្ពុជាឈានទៅមុខម្តេចបាន​ បើសហព័ន្ធកីឡាប្រដាល់​កម្ពុជា ទុកឱកាសឱ្យអាជ្ញាកណ្តាលលេីកពេលការប្រកួត។ 

ថ្មីៗនេះមានការប្រកួតប្រដាល់ខ្មែររវាង​ កីឡាករ​  ម៉ឺន​ មេឃា​ និង​ ឃីម​ បូរ៉ា​ ដោយការប្រកួតខុសប្រក្រតី​ ដោយ​ អាជ្ញាកណ្ដាលប្រកាសលេីកពេលប្រកួត។ 

តាមរយៈគេហទំព័រហ្វេសប៊ុក​ នាថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ​២០២១​ សម្ដេចតេជោ​ ហ៊ុន​ សែន​ បានថ្លែងថា​ «ដោយអត់ទ្រាំមិនបាន ខ្ញុំសូមចេញមកនិយាយ ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ដែលស្រឡាញ់វិស័យកីឡា»។

សម្ដេចតេជោ​ បន្ដថា​ តើយើងត្រូវពង្រឹងអាជ្ញាកណ្តាលកីឡាប្រដាល់​ ឬត្រូវបង្កើតក្បាច់គុណថ្មី​ ដោយកំណត់លក្ខណ្ឌប្រកួតថ្មី​ ដោយវាយខុសក្បួនហើយមិនព្រមប្រកាសលទ្ធផល​ និងលើកពេលទៅប្រកួតនៅពេលក្រោយ។

សម្ដេចតេជោ​ មានប្រសាសន៍ថា​ «តើឱ្យកីឡាប្រដាល់យើងឈានទៅមុខម្តេចបាន បើសហព័ន្ធកីឡាប្រដាល់យើងទុកឱកាសឱ្យអាជ្ញាកណ្តាលធ្វើបែបនេះ?​ តើមានក្បួនមកពីណាវាយខុសក្បួនខ្នាតហើយ សម្រេចលើកពេលទៅប្រកួតពេលក្រោយសូម្បីតែបាល់ទាត់បើទាត់ ខុសត្រូវពិន័យកាតលឿងឬកាតក្រហមដោយដេញចេញ ឬពិន័យបាល់១១ម៉ែត្រភ្លាមៗ ដោយមិនទុកពេលឱ្យតវ៉ានោះទេ»។

សម្ដេចតេជោ​ បញ្ជាក់ថា​ សម្ដេច​ មិនបន្ទោសកីឡាករទេព្រោះពួកគាត់ស្តាប់តាមការកាត់ក្តីរបស់អាជ្ញាកណ្តាល។​ សម្ដេច​ ថា​ «អ្វីដែលខ្ញុំសុំ គឺអាជ្ញាកណ្តាលត្រូវតែមានយុត្តិធម៌ក្នុងខ្លួន»៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top