ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួម ព្រមទាំងថ្លែងការណ៍ នៅក្នុងសន្និសីទពាក់កណ្ដាលអាណត្តិ រដ្ឋមន្ត្រីការបរទេស នៃចលនាមិនចូលបក្សសម័្ពន្ធ (NAM) តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៣-១៤ ខែកក្កដា ឆ្នាំ២០២១ នៅទីក្រុងបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់ ។ ការចូលរួមនេះគឺតបតាមការអញ្ជើញរបស់លោក Jeyhun Bayramov រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ កាលពីថ្ងៃទី១២ កក្កដាបានឲ្យដឹងថា ក្រោមមូលបទ «ចលនាមិនចូលបក្សសម្ព័ន្ធ ស្ថិតនៅចំណុចកណ្តាល នៃកិច្ចខិតខំប្រឹងប្រែង ពហុភាគី ក្នុងការឆ្លើយតប ទៅនឹងបញ្ហាប្រឈមសកល» សន្និសីទតាមប្រព័ន្ធវីដេអូនេះ នឹងផ្តល់ឱកាសដល់រដ្ឋសមាជិក NAM ពិនិត្យមើលវឌ្ឍនភាពដែល សម្រេចបានលើបញ្ហាផ្សេងៗពាក់ព័ន្ធនឹងរបៀបវារៈ នៃចលនាមិនចូលបក្សសម្ព័ន្ធ ចាប់តាំងពីកិច្ចប្រជុំកំពូលនៅទីក្រុងបាគូ ឆ្នាំ២០១៩ ក៏ដូចជាធ្វើការពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា អំពីតួនាទីរបស់ NAM ក្នុងការឆ្លើយតបទៅនឹងកំណើននៃបញ្ហា ប្រឈមនានា ឲ្យកាន់តែមានប្រសិទ្ធភាព។
សេចក្តីថ្លែងការណ៍របស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងផ្តោតលើមធ្យោបាយ និងរបៀប ដើម្បីធ្វើការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកលនានា តាមរយៈកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការពហុភាគី ពង្រឹងគុណតម្លៃនៃពហុភាគីនិយមនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ សម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពសម្រាប់មនុស្សជាតិ នៅក្នុងបដិវត្តន៍ឧស្សាហកម្មទី៤ និងជំហររបស់កម្ពុជាចំពោះ ពហុភាគីនិយមសម្រាប់សន្តិភាព ៕