ភ្នំពេញ ៖ “កុំភ័យចាំខ្ញុំជួយប្រពន្ធ-កូនកែម ឡី” នេះការសន្យារបស់លោក សម រង្ស៊ីក្រោយមរណៈភាពលោក កែម ឡី។
លោក សម រង្ស៊ីត្រូវបានគេដឹងថា បានប្រកាសក្តែងៗជួយក្រុមគ្រួសារលោក កែម ឡី ប៉ុន្តែរហូតមកដល់ពេលនេះ ជាខួប៥ឆ្នាំនៃការស្លាប់របស់លោក កែម ឡីហើយ គ្មានឃើញការជួយរបស់លោក សម រង្ស៊ីម្តងណាទេ ។
លោកស្រី ប៊ូ រចនា ភរិយាលោក កែម ឡី បច្ចុប្បន្នរស់នៅជាជនភៀសខ្លួននៅអូស្ត្រាលី ក្នុងកម្មវិធី Idea Talk របស់ The Cambodia Daily កាលពីសប្តាហ៍មុននាថ្ងៃ៧ កក្កដា មុនពេលខួប៥ឆ្នាំ(១០ កក្កដា)របស់ស្វាមី លោកស្រីបានឆ្លើយតបសំណួរថា តើលោក សម រង្ស៊ីដែលបានសន្យាជួយផ្គត់ផ្គង់គ្រួសារលោកស្រីនោះ តើមានបានទទួលជំនួយអ្វីទេ លោកស្រីថា មកដល់ពេលនេះមិនបានឃើញការជួយអ្វីមកគ្រួសារគាត់ទេ ។ លោកស្រីថា “ខ្ញុំមិនដែលទទួលបានប្រាក់ឧបត្ថម្ភពីមូលនិធិណាមួយ ឬពីគណបក្សនយោបាយណាមួយនោះឡើយរហូតមកទល់ពេលនេះ” ។
យោងតាមហ្វេសប៊ុករបស់លោក មុត ចន្ថា មនុស្សជំនិតលោក កឹម សុខា នាថ្ងៃ១២ កក្កដា បានលើកឡើងថា “កុំភ័យចាំខ្ញុំជួយ! ។ អតីតមេដឹកនាំបក្សប្រឆាំងម្នាក់កំពុងរត់គេចខ្លួនធ្លាប់បានអះអាងនៅចំពោះមុខលោកស្រី ប៊ូ រចនា ឧត្តមភរិយារបស់លោកបណ្ឌិត កែម ឡី នៅប្រទេសអូស្រ្តាលីថាកុំបារម្ភរឿងជីវភាពរស់នៅ និងការចិញ្ចឹមថែទាំកូនៗ រៀនសូត្រ ចាំខ្ញុំនឹងជួយ…។ ការសន្យាក្តែងៗនេះបានត្រឹមតែសន្យាខ្យល់ ក្នុងរយៈពេល៥ឆ្នាំទៅនេះ។ សន្យារបស់បុរសម្នាក់នោះ គឺជាការសន្យាយកប៉ុង ឬយកគួរ ដើម្បីឆ្លៀតឱកាសកេងចំណេញទាំងប្រជាប្រិយភាព និងទាំងចំណេញលុយច្រកចូលហោរប៉ៅ” ។
លោកបន្តថា អតីតអ្នកនយោបាយកំពុងមានសិទ្ធិសេរីភាព មានមុខរបរនៅក្រៅប្រទេស ឬអ្នកខ្លះដេកស៊ីលុយឧត្ថម្ភជាប្រាក់បង់ពន្ធរបស់ប្រជាជននៃរដ្ឋបរទេស ដែលពួកគេកំពុងតាំងទីលំនៅក្នុងឋានៈជាជនភៀសខ្លួន ប៉ុន្តែពួកគេមិនបានយកភ្នែកមើលក្រុមគ្រួសាររបស់លោកបណ្ឌិត កែម ឡី ឡើយ ហើយពួកគេបានត្រឹមតែរៀបចំពិធីបុណ្យរំឭកខួប នៃការសម្លាប់ប៉ុណ្ណោះ ដើម្បីចំណេញប្រជាប្រិយភាព និងប្រមូលយកលុយដាក់ចូលហោរប៉ៅ។
ជាមួយគ្នានេះ លោក គឹម សុខ អ្នកវិភាគនយោបាយក៏បានឲ្យដឹងពីលោក សម រង្ស៊ីដែរថា “បើពួកអ្នកនយោបាយនានា មិនយកឈ្មោះលោកបណ្ឌិត កែម ឡី ទៅប្រើគ្រាន់តែទាញប្រយោជន៍នយោបាយសម្រាប់ក្រុមខ្លួន ហើយប្រើឈ្មោះពលីកម្មរបស់គាត់ ដើម្បីជម្រុញចលនានយោបាយប្រជាធិបតេយ្យជាតិរួមវិញ ពួកអ្នកនយោបាយអស់នោះ ត្រូវណែនាំសកម្មជន និងអ្នកគាំទ្រពួកគេ ឲ្យបញ្ឈប់ការស្ដីបន្ទោសអ្នកស្រី ប៊ូ រចនា ហើយក៏ត្រូវបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពជាបំណងមិនល្អ បង្ខំអ្នកស្រី ឲ្យសុំទោសអ្នកណាៗ” ៕