ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានប្រកាសផ្ដល់ជំនួយ វ៉ាក់សាំង AstraZeneca ប្រមាណ ១លានដូសដល់កម្ពុជា ។ ជំនួយនេះធ្វើឡើង ស្របតាមចំណងមិត្តភាព រវាងជប៉ុន និងកម្ពុជា និងដោយផ្អែកលើ ស្ថានភាពកូវីដ១៩ នៅកម្ពុជា នាពេលបច្ចុប្បន្ន ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានថ្លែងថា វ៉ាក់សាំងដែលត្រូវបាន ផ្ដល់អាជ្ញាបណ្ណផលិត ក្នុងប្រទេសជប៉ុន នឹងត្រូវបានដឹកជញ្ជូន មកដល់រាជធានីភ្នំពេញ ក្នុងពេលដ៏ឆាប់ខាងមុខនេះ នៅពេលដែលការរៀបចំ ភ័ស្តុភារដោយ COVAX Facility បានបញ្ចប់។
លោកបញ្ជាក់ថា «ខ្ញុំសង្ឃឹមថា ជំនួយនេះនឹងជួយគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ក៏ដូចជា កាត់បន្ថយការព្រួយបារម្មណ៍ មួយចំនួន របស់ប្រជាជនកម្ពុជា។
ប្រឈមមុខនឹងការរីករាលដាល នៃមេរោគឆ្លងថ្មី ដែលពិភពលោក កំពុងជួបប្រទះនេះ ការចាក់វ៉ាក់សាំង និងការពង្រឹងប្រព័ន្ធសុខាភិបាល គឺជាកត្តាសំខាន់ សម្រាប់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា»។
លោករៀបរាប់ថា មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយស្មើនឹងសរុប ប្រមាណ ច្រើនជាង៥០លានដុល្លារ ដល់កម្ពុជា ដែលរួមមានការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រដល់គម្រោងរបស់អង្គការ អន្តរជាតិនានា សម្រាប់វិធានការទប់ស្កាត់ ការចម្លងជំងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារ សម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំង ឲ្យបានត្រឹមត្រូវផងដែរ។
លោកបន្ដថា «យើងក៏បានផ្ដល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រូវបានប្រើប្រាស់ ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដល់ប្រជាជន ដែលរងផលប៉ះពាល់ ដោយសារកូវីដ១៩ និងសម្រាប់ការពង្រឹង ប្រព័ន្ធសុខាភិបាល»។
លោកថា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ដែលជាបញ្ហាពិភពលោកនេះ ជប៉ុននឹងបន្តសហការ និងធ្វើការរួមគ្នាជាមួយកម្ពុជា ដែលជាមិត្តដ៏សំខាន់របស់ជប៉ុន។ លោកសង្ឃឹមថា ស្ថានភាពនឹងអាចល្អប្រសើរឡើង ក្នុងពេលដ៏ឆាប់ខាងមុខនេះ ហើយការផ្លាស់ប្ដូរ រវាងប្រទេសទាំងពីរ ក៏ដូចជា ក្នុងពិភពលោកនឹងអាច ចាប់ផ្តើមឡើងវិញ ៕