ភ្នំពេញ ៖ ដើម្បីទប់ស្កាត់ការ រីករាលដាល នៃជំងឺកូវីដ-១៩ នៅទីស្តីការ ក្រសួងមហាផ្ទៃ ក្នុងបរិបទ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ដែលមក បំពេញការងារ ក្នុងទីស្តីការក្រសួង និងភ្ញៀវ មានភារកិច្ច ត្រូវចូលមក ទំនាក់ទំនងការងារ ត្រូវអនុវត្តវិធានការ ធ្វើតេស្ដរហ័ស រកមេរោគកូវីដ-១៩ ។
តាមសេចក្ដីណែនាំរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា «ថ្នាក់ដឹកនាំ មន្ត្រីរាជការ ដែលមកបំពេញការងារ ក្នុងទីស្តីការក្រសួងមហាផ្ទៃ ត្រូវធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩ រៀងរាល់ថ្ងៃធ្វើការនៅច្រកចូល នៃទីស្តីការ ក្រសួង មុនពេលអនុញ្ញាត ឲ្យចូលបម្រើការងារ ក្នុងការិយាល័យ ។ សម្រាប់ភ្ញៀវ ដែលចូលមក ក្រសួងមហាផ្ទៃ ត្រូវធ្វើតេស្ដរហ័ស រកមេរោគកូវីដ-១៩ រួច ទើបអនុញ្ញាត ឲ្យធ្វើការទំនាក់ទំនងការងារ»។
លោកបន្ដថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ មកបំពេញការងារ ត្រូវអនុវត្តនូវវិធានការអនាម័យ ការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន និងជាប់ជាប្រចាំ ដូចជា ៖ ពាក់ម៉ាស់ លាងដៃនឹងអាល់កុល ឬសាប៊ូឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល ជាដើម៕