ព័ត៌មានជាតិ

ផ្លូវការហើយ! កម្ពុជា នឹងរៀបចំកិច្ចប្រជុំ កំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅចុងខែវិច្ឆិកានេះ តាមប្រព័ន្ធវីដេអូ

ភ្នំពេញ ៖ កិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ បានសម្រេចជាផ្លូវការហើយ គឺនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុប តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី៧ និងទី៩ ខែកក្កដា ឆ្នាំ២០២១ របស់ក្រសួងការបរទេស នៅថ្ងៃទី១២ កក្កដា បានឲ្យដឹងថា «ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ កំពុងរីករាលដាលខ្លាំង រួមនឹងការលេចឡើង នៃវីរុសបំលែងថ្មីៗ បានបង្កើតឲ្យមានរលក នៃការឆ្លងថ្មី នៅបណ្តាប្រទេសជាច្រើន ជុំវិញពិភពលោក រួមទាំងកម្ពុជាផងនោះ លោក លុយ ដាវីត រដ្ឋលេខាធិការ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីកម្ពុជាទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុប បានប្រកាសជាផ្លូវការថា កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១តាមរយៈប្រព័ន្ធវីដេអូ» ។

សេចក្តីសម្រេចនេះ ធ្វើឡើងស្រប តាមអនុសាសន៍ណែនាំ របស់គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយបានបញ្ជាក់ថាការរៀបចំ កិច្ចប្រជុំកំពូលជាលក្ខណៈរូបវ័ន្ត គឺនឹងមិនមានសុវត្ថិភាពដល់ បណ្តាថ្នាក់ដឹកនាំនៃប្រទេសដៃគូ ASEM ដែលនឹងអញ្ជើញ ចូលរួមកិច្ចប្រជុំនោះឡើយ ហើយវាក៏មិនអាចប្រព្រឹត្តទៅបានផងដែរ ព្រោះជំងឺ រាតត្បាតនេះបាននិងកំពុង បន្តរីករាលដាលខ្លាំង ស្របពេលដែលបណ្តា ប្រទេសជាច្រើន លើសកលលោកបានដាក់ចេញ នូវការរឹតត្បិតលើការធ្វើដំណើរសារជាថ្មី។

កិច្ចប្រជុំបានពិភាក្សាយ៉ាងលម្អិត លើសេចក្ដីព្រាងសេចក្ដីថ្លែងការណ៍ ទីក្រុងភ្នំពេញ ស្ដីពីការស្ដារសេដ្ឋកិច្ច-សង្គមឡើងវិញក្រោយជំងឺកូវីដ-១៩ ដែលវានឹងក្លាយជាឯកសារមួយ ក្នុងចំណោមឯកសារលទ្ធផល ដ៏សំខាន់ចំនួនពីរ ដែលនឹងត្រូវអនុម័តក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣។

សេចក្ដីថ្លែងការណ៍នេះ ឆ្លុះបញ្ចាំងពីគោលដៅរួមគ្នា របស់ថ្នាក់ ដឹកនាំ ASEM ទាំងអស់ក្នុង ការធានា ឲ្យបាននូវការស្ដារឡើងវិញ ក្រោយការរាត ត្បាតជំងឺកូវីដ-១៩ ប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់ ។ ឧត្តមមន្ត្រី ASEM បានឯកភាពឲ្យមានការ ជួបពិភាក្សាគ្នាម្ដងទៀត នៅក្នុងខែនេះ ដើម្បីសម្រេចជាស្ថាពរ នូវសេចក្ដីថ្លែងការណ៍នេះ ។

កិច្ចប្រជុំបានស្វាគមន៍ និងសារទរដល់ប្រទេសស្លូវេនី ទទួលរៀបចំកិច្ចប្រជុំឧត្តមមន្ត្រី ASEM មួយទៀត នៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីពិភាក្សាសេចក្ដីថ្លែងការណ៍ ប្រធានអង្គប្រជុំ ASEM13 ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×