ព័ត៌មានជាតិ

ក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំសន្និសីទឧត្តមមន្រ្តីដឹកជញ្ជូន អាស៊ាន-ជប៉ុន លើកទី១៩

ភ្នំពេញ ៖ លោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម និងជាប្រធានឧត្តម មន្ត្រីដឹកជញ្ជូនកម្ពុជា (STOM) នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានធ្វើជាសហប្រធានជាមួយសមភាគីជប៉ុន ដឹកនាំសន្និសីទឧត្តមមន្រ្តីដឹក ជញ្ជូនអាស៊ាន-ជប៉ុន លើកទី១៩ (19th ASEAN-Japan Senior Transport Officials Meeting [STOM] Leaders Conference) តាមប្រព័ន្ធវីដេអូពីចម្ងាយ។

កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ថ្នាក់ ដឹកនាំឧត្តមមន្រ្តីដឹកជញ្ជូន (STOM Leaders) របស់បណ្តាប្រទេសអាស៊ានទាំងអស់ ថ្នាក់ដឹកនាំ ឧត្តមមន្រ្តីដឹកជញ្ជូនរបស់ជប៉ុន និងលេខាធិការដ្ឋានអាស៊ាន ដោយឡែកអ្នកចូលរួមពីប្រទសកម្ពុជា រួមមាន ៖ អង្គភាពពាក់ព័ន្ធទាំងអស់ក្រោមឱវាទ ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា។

សន្និសីទឧត្តមមន្រ្តីដឹកជញ្ជូន អាស៊ាន-ជប៉ុន លើកទី១៩ គឺជាកិច្ចប្រជុំប្រចាំឆ្នាំ ដែលស្នើឡើងដោយភាគី ជប៉ុន ក្នុងគោលបំណងសំខាន់ ដូចជា ៖ ទី១-ពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព នៃភាពជាដៃគូរក្នុងវិស័យដឹកជញ្ជូនរវាងអាស៊ាន-ជប៉ុន AJTP (ASEAN-Japan Transport Partnership Work Plan 2020-2021) និងទី២-ការលើកទិសដៅ និងផែនការសកម្មភាពសម្រាប់អនុវត្តក្នុងឆមាស ទី២ ឆ្នាំ២០២១ និងត្រីមាសទី១ ឆ្នាំ២០២២ ហើយផែនការសកម្មភាពទាំងនេះ នឹងដាក់ឆ្លងសុំការអនុម័ត ជាផ្លូវការពីកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី១៩ (19th ATM-Japan) ដែលប្រទេសកម្ពុជា ធ្វើជាប្រធាននៅដើមខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។

ផ្ទាំងពាណិជ្ជកម្ម

សន្និសីទបានពិនិត្យទៅលើការងារសំខាន់ៗ ចំនួន ៣ ដែលបានស្នើឡើងដោយប្រទេសជប៉ុន រួមមាន ៖ ទី១- របាយការណ៍ទស្សនទាន ដែលបញ្ជាក់អំពីដំណោះស្រាយតាមវិធីសាស្រ្តព័ត៌មានវិទ្យា ដើម្បីគ្រប់គ្រង យានយន្តលើសទម្ងន់ (the Report under Proof of Concept on ICT Solution for Overloaded Vehicle Control) ុ,ទី២-គោលការណ៍ណែនាំ ស្តីពីការចេញនូវវិញ្ញាបនបត្រសវនកម្ម សម្រាប់ខ្សែច្រវាក់ ភស្តុភារកម្មត្រជាក់ ក្នុងក្របខ័ណ្ឌអាស៊ាន-ជប៉ុន (ASEAN-Japan Guidelines of Certifications Audits for Cold Chain Logistics), និងទី៣-ការប្រើប្រាស់ទិន្នន័យធំសម្រាប់កែលម្អនូវការបន្លាស់ទី (Utilization of Big Data to Improve Mobility)។

ក្រោយពីបានពិនិត្យពិភាក្សាគ្នាយ៉ាងលម្អិតក្នុងន័យស្ថាបនា និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងដោយយល់ឃើញថា ការងារសំខាន់ៗទាំង៣ខាងលើនេះ នឹងរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើង និងបង្កើនប្រសិទ្ធភាពក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម អង្គសន្និសីទបានឯកភាពជាគោលការណ៍ ឱ្យមានការសិក្សាគ្រប់ជ្រុងជ្រោយបន្ថែមទៀតលើការងារធំៗទាំង៣ខាងលើ ហើយលទ្ធផលនៃការសិក្សានេះនឹងត្រូវដាក់ឆ្លងកិច្ចប្រជុំឧត្តមមន្រ្តីដឹកជញ្ជូន អាស៊ាន-ជប៉ុន លើកទី២០ និងកិច្ចប្រជុំថ្នាក់ រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី១៩ ដែលកម្ពុជាធ្វើជាប្រធានទាំងពីរកិច្ចប្រជុំនៅដើមខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ៕

To Top
×