ព័ត៌មានជាតិ

ចិននិយាយថា ប្រឆាំងដាច់ខាតចំពោះ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិនពីអាមេរិក ពាក់ព័ន្ធហុងកុង

បរទេស៖ប្រទេសចិន បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនប្រឆាំងដាច់ខាតចំពោះសហរដ្ឋអាមេរិក ដែលជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន ហើយនេះជាការឆ្លើយតបមួយចំពោះសេចក្តីរាយការណ៍ដែលថា ទីក្រុងវ៉ាស៊ីនតោននឹងព្រមានក្រុមហ៊ុនអាមេរិក អំពីហានិភ័យនៃការធ្វើប្រតិបត្តិការនៅហុងកុង។
មន្ត្រីនំាពាក្យក្រសួងការបរទេសចិន លោក Zhao Lijian តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់សន្និសីទកាសែតមួយថា ច្បាប់មូលដ្ឋាននិងច្បាប់ពាក់ព័ន្ធនានារបស់ហុងកុង ជាក់ស្តែង ការពារផលប្រយោជន៍របស់អ្នកវិនិយោគ បរទេសយ៉ាងពិតប្រាកដ។

ទីភ្នាក់ងារសារព័ត៌មាន The Financial Times បានរាយការណ៍នៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅក្នុងសប្ដាហ៍នេះ នឹងព្រមានដល់ក្រុមហ៊ុនអាមេរិក អំពីហានិភ័យ កើនឡើងនៃការធ្វើប្រតិបត្តិការនៅហុងកុង និងធ្វើបច្ចុប្បន្នភាព បន្ថែមលើការព្រមានដែលចេញពីមុន ស្តីពីតំបន់ស៊ីនជាំង។

គួរបញ្ជាក់ថា យោងតាមប្រភពព័ត៌មាន ហានិភ័យទាំងនោះ រួមមានទាំងសមត្ថភាពរបស់រដ្ឋាភិបាលចិន ក្នុងការប្រមូលយកទិន្នន័យ ដែលក្រុមហ៊ុនបរទេសរក្សាទុកនៅហុងកុង និងច្បាប់ថ្មីដែលអនុញ្ញាតឲ្យទីក្រុងប៉េកាំងដាក់ទណ្ឌកម្មលើអ្នកណាម្នាក់ ដែលជួយឲ្យមានការដាក់ពិន័យបរទេសលើក្រុម និងមន្ត្រីចិន៕ប្រែសម្រួល៖ប៉ាង កុង

To Top