Covid-19

៥០លានរៀលហើយ សម្រាប់ចំណាយឧបត្ថម្ភ ដល់អ្នកចាក់វ៉ាក់សាំង ៥នាក់ (Video)

ភ្នំពេញ៖ រាប់ទាំងលើកនេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយទឹកប្រាក់សរុបអស់ ៥០លានរៀលហើយ សម្រាប់ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋ ៥នាក់ ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ (ពីទី១លាន ដល់ទី៥លាន) ។

នៅម៉ោងប្រមាណជាង ៩ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ ថវិកា១០លានរៀលទៀត និងសម្ភារៈមួយចំនួនរបស់ ប្រមុខរាជរដ្ឋាភិបាលបានដល់ដៃ លោក ណុប មាន អាយុ៧០ឆ្នាំ រស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងលេខរៀងទី៥លាននាក់ ។

ការពាំនាំថវិកា និងសម្ភាៈមួយចំនួនរបស់រាជរដ្ឋាភិបាលនេះ ធ្វើឡើងក្រោមអធិបតីភាព លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះ កិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។

សូមបញ្ជាក់ថា កាលពីថ្ងៃ១០ កុម្ភៈសម្រាប់ការចាក់វ៉ាក់សាំងកូវីដ១៩ ម្ជុលទី១ បានចាក់ទៅលើលោក ហ៊ុន ម៉ាណែត ហើយថ្ងៃ១១ មេសា រកឃើញមនុស្សទី១លាននាក់បានទៅលោក ប៉ាន់ សុវណ្ណរិទ្ធិ ។ ចំណែកថ្ងៃទី១៤ ឧសភា រកឃើញមនុស្សទី២លាន បានទៅអ្នកស្រី ទិត ចិន្តា ជាកម្មការិនីរោងចក្រ ។ ដោយឡែកថ្ងៃទី១៤ មិថុនា រកឃើញមនុស្សទី៣លាន គឺអ្នកស្រី ស៊ុ សំអឿន រស់នៅខេត្តកណ្ដាល ហើយថ្ងៃទី២៨ មិថុនា បានរកឃើញអ្នកទី៤លាន លោក សូ សយ រស់នៅខេត្តកោះកុង និងទី៥ លាននេះ បានទៅ លោក ណុប មាន នាថ្ងៃទី១៣ កក្កដា នៅខេត្តឧត្តរមានជ័យ។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមថ្ងៃ១៣ កក្កដា ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេស ចំនួន ៥,១០៤,៨៤៦នាក់ ។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ ១០លាននាក់ បានចំនួន៥១.០៥% ហើយ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top