ព័ត៌មានជាតិ

សម្ដេច ស ខេង ដាក់ប្រើប្រាស់ផែនការសកម្មភាព ទប់ស្កាត់ និងកេងប្រវ័ញ្ចផ្លូវភេទកុមារ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រឆាំងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានប្រកាសដាក់ឲ្យប្រើប្រាស់ នូវផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥ តាមរយៈប្រព័ន្ធវីដេអូ។

កម្មវិធីប្រកាសនាពេលព្រឹកនេះ ដោយមានការចូលរួម លោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា និងជាប្រធាន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) ក្រសួងស្ថាប័នពាក់ព័ន្ធ ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត ប្រចាំកម្ពុជា សមាជិក សមាជិកាក.ជ.ក អគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាលរាជធានី-ខេត្ត និងតំណាងអង្កការដៃគូ អភិវឌ្ឍន៍ពាក់ព័ន្ធមួយចំនួនទៀត។

សូមជម្រាបជូនថា កម្មវិធីនេះរៀបចំឡើងដោយ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សហការជាមួយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងគោលបំណងជំរុញលើកកម្ពស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស តួអង្គយុត្តិធម៌ ព្រហ្មទណ្ឌ អ្នកអនុវត្តច្បាប់ និងអង្គការដៃគូពាក់ព័ន្ធ ដើម្បីទទួលយកផែនការ សកម្មភាព ដើម្បីបង្ការទប់ស្ដាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥ មកអនុវត្តដោយផ្សារភ្ជាប់នឹងផែនការយុទ្ធសាស្ដ្ររបស់ ក្រសួង ស្ថាប័នសាមី៕

To Top