ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចឲ្យផ្អាកជា បណ្តោះអាសន្ន ក្នុងការធ្វើដំណើរ ចេញ-ចូល ឆ្លងកាត់ ព្រំដែនកម្ពុជា វៀតណាម រយៈពេល១ខែ ចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ខាងមុខតទៅ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ពី វៀតណាម ចូលប្រទេសកម្ពុជា។
យោងតាមលិខិតរបស់ ក្រសួងការបរទេសខ្មែរ និងសហប្រតិបត្តិការអន្ដរជាតិ ថ្មីៗនេះ លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា «ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី៨-១៩ ចម្លងចូល មកព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល បានសម្រេចផ្អាកជាបណ្ដោះអាសន្ន សម្រាប់ការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែន កម្ពុជា-វៀតណាម របស់កម្មករជំនាញ អ្នកបច្ចេកទេស បុគ្គលិក ក្រុមហ៊ុននានារបស់វៀតណាម រយៈពេល ១ខែ ដោយអនុវត្តចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះតទៅ»។
លោក បញ្ជាក់ថា លើកលែងតែអ្នកជំងឺដែលត្រូវទៅព្យាបាលនៅវៀតណាម អ្នកការទូត មន្ត្រីរាជការ ដែលមានបេសកកម្មតាមការអញ្ជើញរបស់អាជ្ញាធរ នៃប្រទេសទាំងពីរ រួមទាំងនិស្សិត សិក្ខាកាម ដែល បានបញ្ចប់វគ្គសិក្សា ឬករណីមានការអនុញ្ញាតពិសេស ពីរាជរដ្ឋាភិបាល។
លោក បន្ដថា ចំពោះបុគ្គលិក និងកម្មករជំនាញរបស់ក្រុមហ៊ុនវៀតណាម ដែលបានចូលមកកម្ពុជារួច ហើយ ទាំងអ្នកដែលបានធ្វើចត្តាឡីស័ករួច និងអ្នក ដែលកំពុងធ្វើចត្តាឡីស័ក មិនត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅប្រទេសវៀតណាមវិញទេ ក្នុងអំឡុងពេលនៃការផ្អាកការ ចេញ-ចូល បណ្តោះអាសន្ននេះ។
លោករដ្ឋលេខាធិការប្រចាំការ ក៏បានស្នើ ឯកអគ្គរាជទូតកម្ពុជា ប្រចាំវៀតណាម ត្រូវសហការជាមួយ អាជ្ញាធរវៀតណាម ដើម្បីស្នើឱ្យអាជ្ញាធរ នៃប្រទេសទាំងពីរជួយសម្របសម្រួលកិច្ចដំណើរការនៃការដឹកជញ្ចូននាំចេញ និងនាំចូលទំនិញនានា ដោយអនុវត្តឲ្យបានម៉ឺងម៉ត់ តាមវិធានសុខាភិបាលនៃប្រទេសទាំងពីរ៕