ភ្នំពេញ ៖ ក្នុងប្រតិបត្តិការចល័តរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារចល័តចម្រុះ សម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ បានត្រួតពិនិត្យ និងឃាត់យានយន្តដឹកលើសទម្ងន់កម្រិតកំណត់ ចំនួន២០គ្រឿង ក្នុងខេត្តសៀមរាប កណ្តាល និងកំពង់ស្ពឺ។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសាធារការ និងដឹកជញ្ជូន បាន រៀបរាប់ថា ចំពោះប្រតិបត្តិការ នៅខេត្តសៀមរាប ក្រុមការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូន ចំនួន១៣គ្រឿង ដោយលើសទម្ងន់កម្រិតកំណត់ ចាប់ពី ៥តោន ដល់២៨តោន ចំនួន៧គ្រឿង ក្នុងនោះ យាន យន្តចំនួន ៣គ្រឿង ដែលលើសចាប់ពី ២០% នៃទម្ងន់អនុញ្ញាតត្រូវឃាត់ទុករយៈពេល ១ឆ្នាំ។
ដោយឡែក នៅខេត្តកណ្តាល លើផ្លូវជាតិលេខ២០ ក្រុមការងារបានត្រួតពិនិត្យយានយន្តដឹកជញ្ជូន ចំនួន៧គ្រឿង ដោយលើសទម្ងន់កម្រិតកំណត់ចាប់ពី ១០តោន ដល់២២តោន ទាំង ៧គ្រឿង ដែលលើសទម្ងន់ចាប់ពី ២០% នៃទម្ងន់អនុញ្ញាតត្រូវឃាត់ទុករយៈពេល ១ឆ្នាំ។
ក្នុងប្រតិបត្តិការចុងក្រោយលើផ្លូវជាតិលេខ ៤១ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រុមការងារបានត្រួតពិនិត្យយានយន្តដឹកជញ្ជូន ចំនួន៦គ្រឿង ដោយដឹកលើសទម្ងន់កម្រិតកំណត់ ចាប់ពី ១៥តោន ដល់២០តោន ចំនួន៦គ្រឿង ក្នុងនោះយានយន្ត ចំនួន៤គ្រឿង ដែលដឹកលើសទម្ងន់ចាប់ពី ២០% នៃទម្ងន់អនុញ្ញាតត្រូវឃាត់ទុក ១ឆ្នាំ។
យោងតាមទិន្នន័យខាងលើយានយន្ត ចំនួន ២០គ្រឿងត្រូវបានពិន័យ ក្នុងនោះ យានយន្តចំនួន ១៤គ្រឿងត្រូវឃាត់ទុក ចំនួន ១ឆ្នាំដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹង បន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។
ក្រសួងសាធារការ ក៏បានរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ជាថ្មីម្តងទៀតថា ក្រសួងនឹងបន្តអនុវត្តតាមច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងបំផុតដោយគ្មានការលើកលែងឡើយ៕