ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ៖ ការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារ តាមប្រព័ន្ធអនឡាញ ជាទម្រង់ថ្មីបង្កហានិភ័យ ដល់កុមារ (Video)

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ទោះបីមានការរីកចម្រើន ផ្នែកបច្ចេកវិទ្យាព័ត៌មាន ក៏ដោយ ក្រុមឧក្រិដ្ឋជន នៅតែឆ្លៀតឱកាស ទាញយកផលប្រយោជន៍ ដោយខុសច្បាប់ ហើយបង្កើតការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារ តាមប្រព័ន្ធអនឡាញ ដែលជាទម្រង់ថ្មី កំពុងបង្កហានិភ័យខ្ពស់ ដល់កុមារ លើពិភពលោក រួមទាំង កម្ពុជា ផងដែរ។

ក្នុងពិធីប្រកាសដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវិដេអូ សម្ដេច ស ខេង បានថ្លែងថា កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមក្នុងបដិវត្តឧស្សហ កម្ម ៤ចុច០ ដោយផ្តោតជាពិសេស លើវិស័យបច្ចេកវិទ្យា ដែលពិភពលោកកំពុងប្រើប្រាស់ ជាមធ្យោបាយសម្រាប់ វិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច យ៉ាងមានប្រសិទ្ធភាព។

សម្ដេច មានប្រសាសន៍ថា «ទោះបីជាយ៉ាងនេះក្តី ការរីកចម្រើន ផ្នែកបច្ចេកវិទ្យាព័ត៌មាន ក៏មានជ្រុង អវិជ្ជមានមួយចំនួន ដែលពាក់ព័ន្ធនឹង ការប្រើប្រាស់ខុសគោលដៅ និងដោយមានការជ្រៀតចូល ពីក្រុមឧក្រឹដ្ឋជន ឆ្លៀត ឱកាសទាញយក ផលប្រយោជន៍ ដោយខុសច្បាប់ និងប្រាសចាកពីគន្លងសីលធម៌ និងការអភិវឌ្ឍន៍ ដោយបង្កើតឱ្យមាន ការកេងប្រវ័ញ្ច និងឧក្រឹដ្ឋកម្មគ្រប់រូបភាព រួមទាំងការកេងប្រវ័ញ្ច ផ្លូវភេទ លើកុមារតាមប្រព័ន្ធអនឡាញ ដែលជាទម្រង់ថ្មី មួយកំពុងរាលដាល និងបង្កហានិភ័យខ្ពស់ដល់កុមារ នៅលើពិភពលោក រួមទាំងកម្ពុជា ផងដែរ»។

សម្ដេច បញ្ជាក់ថា ដោយមើលឃើញនូវ បញ្ហាប្រឈម និងផលប៉ះពាល់ជាអវិជ្ជមានធ្ងន់ធ្ងរបែបនេះ ទើប រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចូលជា រដ្ឋភាគីហត្ថលេខី នៃសេចក្តីថ្លែងការណ៍ សកម្មភាពសកល (WePROTECT) ដែលបានចុះហត្ថលេខា នៅឯកិច្ចប្រជុំកំពូល ជាសកលនៅទីក្រុងអាប៊ុយដាប៊ី កាលពីឆ្នាំ២០១៥ ដែលមានក្រសួងមហាផ្ទៃ ជាតួអង្គសម្របសម្រួល។

ជាងនេះទៅទៀត សម្ដេច ស ខេង លើកឡើងថា ការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មាន បានជំរុញដល់ការរីកលូតលាស់ ការងារ នយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ដែលធ្វើឱ្យកម្ពុជា មានទំនាក់ទំនងជាមួយ បណ្តាប្រទេសក្នុងតំបន់ និងពិភពលោកថែមទៀតផង។ ស្របពេលនឹងវិបត្តិកូវីដ-១៩ កំពុងរាតត្បាតទូទាំងពិភពលោក ការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន រឹតតែមានសារសំខាន់ ក្នុងការប្រាស្រ័យទាក់ទង និងដោះស្រាយគ្រប់បញ្ហា រួមទាំង ការសិក្សាអប់រំរបស់កុមារ និងយុវជន យុវនារី ទាំងនៅទីក្រុង ទាំងជនបទ ដែលធ្វើឲ្យវិស័យ បច្ចេកវិទ្យាព័ត៌មាននេះ រឹតតែទទួលបាននូវការពេញនិយម សម្រាប់ ទំនាក់ទំនង និងអភិវឌ្ឍន៍គ្រប់វិស័យ។

សម្ដេច បន្ថែមថា សកលភាវូបនីយកម្ម នៃបច្ចេកវិទ្យា និងពត៌មាន គឺជាមធ្យោបាយ ដ៏ស័ក្តិសិទ្ធមួយ ដែលធ្វើឲ្យប្រទេសជាតិទាំងឡាយ និងប្រជាជននៅលើពិភពលោកបានខិតជិតគ្នា និងអាចទំនាក់ទំនង សហការគ្នាយ៉ាងល្អប្រសើរ៕

To Top