ភ្នំពេញ ៖ ជនសង្ស័យ ចំនួន១៨នាក់ ក្នុងចំណោមនោះ មានមួយចំនួនជាមុខសញ្ញា ប្រើប្រាស់គ្រឿងញៀន បានធ្វើសកម្មភាពខុសច្បាប់ បង្កឲ្យប៉ះពាល់កិត្តិយស ព្រះពុទ្ធសាសនា ត្រូវបាននគរបាលខណ្ឌកំបូល រាជធានីភ្នំពេញចាប់ខ្លួន ខណៈពួកគេស្លៀកពាក់គ្រងស្បង់ចីវរ ក្លែងជាព្រះសង្ឃដើរបិណ្ឌបាត្រ រៃអង្គាសប្រាក់ប្រជាពលរដ្ឋ។
យោងតាមការចេញផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី១៤ កក្កដា នេះថា ជនសង្ស័យ ទាំង១៨នាក់ ក្នុងនោះ ១៧នាក់ ជាព្រះសង្ឃក្លែងក្លាយ និង១នាក់ជាអ្នកបើករថយន្ត ត្រូវបាននគរបាលខណ្ឌកំបូល ចាប់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី១២ កក្កដា នៅសង្កាត់កន្ទោក ខណ្ឌកំបូល ។
បើតាមលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរង ទទួលការងារព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាល ខណ្ឌកំបូល បានឲ្យដឹងថា ការបង្ក្រាបចាប់ខ្លួន ជនសង្ស័យខាងលើ កម្លាំងនគរបាលខណ្ឌកំបូល បានទទួលព័ត៌មាន ប្តឹង រាយការណ៍ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានថា មានមនុស្សមួយក្រុម បានមកជួលផ្ទះស្នាក់នៅ ក្នុងបុរីពិភពថ្មីមួយកន្លែង ក្នុងខណ្ឌកំបូល ហើយនៅពេលព្រឹក បានស្លៀកពាក់គ្រងស្បង់ចីវរ ក្លែងជាព្រះសង្ឃដើរបិណ្ឌបាត្រ រៃអង្គាសប្រាក់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌកំបូល ជាយូរមកហើយ ។
លោកបន្ដថា បើតាមចម្លើយសារភាព ពីជនសង្ស័យប្រាប់សមត្ថកិច្ច ពួកគេធ្វើសកម្មភាពក្លែងជាព្រះសង្ឃ ដើរបិណ្ឌបាត្រជាយូរមកហើយ ក្រោមការចាត់ចែង របស់មេខ្យល់មានឈ្មោះ ម៉េង ភេទប្រុស អាយុប្រហែល២៥ឆ្នាំ ដោយក្នុង១ថ្ងៃ ពួកគេរៃអង្គាសប្រាក់ បានពី៨ម៉ឺនទៅ១០ម៉ឺនរៀល ក្នុងនោះមេខ្យល់ឈ្មោះម៉េង តម្រូវបង់ឲ្យគេក្នុង១នាក់ ពី៣ម៉ឺនទៅ៣ម៉ឺ៥ពាន់រៀលក្នុង១ថ្ងៃ នៅសល់ប្រាក់ប៉ុន្មានទៀត គឺពួកខ្លួន យកមកចាត់ចែងចាយវាយ ។
បច្ចុប្បន្ន ជនសង្ស័យទាំង១៨នាក់ ត្រូវបានកម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌខណ្ឌកំបូល កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕