Covid-19

ទូតកម្ពុជានៅជប៉ុន ប្រាប់ពលរដ្ឋខ្មែរ កុំឲ្យត្រឡប់មក ស្រុកកំណើតវិញអំឡុងពេលនេះ ព្រោះអាចមានហានិភ័យខ្ពស់ឆ្លងកូវីដ(Video)

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន កុំឲ្យធ្វើ ដំណើរត្រឡប់ទៅប្រទេសកំណើតវិញ ក្នុងអំឡុងពេលនេះប្រសិន បើពុំមានការចាំបាច់ ព្រោះអាចមានហានិភ័យខ្ពស់នៃការឆ្លងកូវី អំឡុងពេលធ្វើដំណើរ ។

យោងតាមសេចក្តីជូនដំណឹង របស់ទូតកម្ពុជា នៅថ្ងៃទី១៤ កក្កដា បានឲ្យដឹងថា បច្ចុប្បន្ននេះមានប្រទេសជា ច្រើនក្នុងសកលោកនៅបន្តរងគ្រោះយ៉ាងខ្លាំងដោយសារការរីករាលដាលជម្ងឺកូវីដ-១៩ ជាពិសេសការរីក រាលដាលនៃវីរុសកូវីដ-១៩ បំប្លែងថ្មី (Delta / Delta Plus) ដែលអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា វីរុសថ្មី នេះជាប្រភេទងាយចម្លង និងបង្កហានិភ័យខ្ពស់ដល់អ្នកជំងឺ បើប្រៀបធៀបនឹងប្រភេទវីរុសកូវីដ-១៩ ដទៃទៀត ។

អាស្រ័យដូចបានជម្រាបជូនខាងលើ ស្ថានទូតសូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋខ្មែរដែល កំពុងរស់នៅប្រទេសជប៉ុន មេត្តាប្រុងប្រយ័ត្នខ្ពស់ កាត់បន្ថយជាអតិបរមាក្នុងការធ្វើដំណើរ រួមទាំងការធ្វើ ដំណើរត្រឡប់ទៅប្រទេសវិញក្នុងអំឡុងពេលនេះ ប្រសិនបើពុំមានការចាំបាច់ ព្រោះអាចមានហានិភ័យ ខ្ពស់អំឡុងពេលធ្វើដំណើរ ។

ទូតក៏បានប្រាប់ឲ្យបងប្អូនពលរដ្ឋខ្មែរ មេត្តាសហការ និងប្រតិបត្តិតាមការអំពាវនាវ របស់អាជ្ញាធរមានសមត្ថ កិច្ចជប៉ុន និងកម្ពុជា និងបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច និងសូមថែរក្សាសុខភាព ប្រកាន់ខ្ជាប់ នូវអនាម័យល្អ ពាក់ម៉ាសជាប្រចាំ ចៀសវាសការជួបជុំគ្នាច្រើន រក្សាគម្លាតពេលមានការជួបជុំគ្នាច្រើន។ ទទួលបានដំណឹងនេះ ស្ថានទូតសូមបងប្អូនមេត្តាជួយផ្សព្វផ្សាយបន្ត និងសូមជូនពរបងប្អូនទាំងអស់ មានសុខភាពល្អ និងចៀសផុតពីការឆ្លងវីរុសកូវីដ-១៩ ៕

To Top