ព័ត៌មានជាតិ

ឆមាសទី១ ក្រុមការងារតាមដានគណនី ហ្វេសប៊ុក សម្ដេច ស ខេង ដោះស្រាយកង្វល់មហាជនបាន ២៥៩ ករណី

ភ្នំពេញ ៖ ក្នុងឆមាសទី១ ឆ្នាំ២០២១ នេះ ក្រុមការងារតាមដាន អំពីការដោះស្រាយចំពោះយោបល់ ឬសំណូមពររបស់មហាជន ក្នុងគេហទំព័រហ្វេសប៊ុករបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដោះស្រាយចំនួន២៩៥ករណី និងកំពុងដោះស្រាយ ចំនួន៤៣៦ករណី។ នេះបើយោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ។

សម្ដេច ស ខេង បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៥ កក្កដា នេះថា «វឌ្ឍនភាពការងារនេះ អាចសម្រេចបានដោយសារកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការគ្នាល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីអង្គភាពចំណុះក្រសួងមហាផ្ទៃ ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាមួយ ក្រុមការងារគេហទំព័រហ្វេសប៊ុករបស់ខ្ញុំ ទោះជាក្នុងស្ថានភាពប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ»។

សម្ដេចបានថ្លែងអំណរគុណជនរួមជាតិដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់ សម្ដេច តាមរយៈទំព័រហ្វេសប៊ុក ដើម្បីរួមគ្នាដោះស្រាយនូវបញ្ហា និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិឲ្យកាន់តែរីកចំរើន។

ជាងនេះទៅទៀត សម្ដេច ស ខេង ក៏បានសុំការយល់យោគអធ្យាស្រ័យចំពោះជនរួមជាតិ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top