ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ក្រោមព្រះរាជហឫទ័យទុក ដាក់ខ្ពស់ជានិច្ចអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជានុរាស្រ្តជាកូនចៅ ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយ ជូនជនពិការចំនួន ៤៤៦នាក់ នៅអនុវិទ្យាល័យចតុមុខ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភំ្នពេញ ។ នេះបើយោងតាមហ្វេសប៊ុក Royal Du Cambodge ។


អំណោយដ៏ឧត្តុង្គឧត្តម ដែលជាការសព្វព្រះរាជហឫទ័យ របស់ព្រះមហាក្សត្រ ត្រូវបានប្រគល់ជូនជនពិការទាំង ៤៤៦នាក់ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ ធ្វើឡើងតាមរយៈ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ។

អំណោយព្រះមហាក្សត្រប្រោសព្រះរាជទាន ក្នុងម្នាក់ៗទទួលបានអង្ករចំនួន ៥០គ.ក្រ មីចំនួន ១កេសតូច ត្រីខចំនួន ១០កំប៉ុង ម៉ាស់ចំនួន ១ដុំ ឃីតចំនួន ១កញ្ចប់ ( មុង១ ភួយ១ សារុង១ ) ថវិកាចំនួន ២០០.០០០រៀល និងអាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណា ព្រះមហាក្សត្រ ចំនួន១ ៕


