នយោបាយ

លោក សុខ ឥសាន ៖ បក្សប្រជាជន នៅតែរឹងមាំសាមគ្គីផ្ទៃក្នុងដដែល គ្មានប្រេះបែកជាពីរ រវាងសម្តេចតេជោ និងសម្តេច ស ខេង (Video)

ភ្នំពេញ ៖ ក្នុងនាមជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានលើកឡើងថា គណបក្សគ្មានការបែកបាក់អ្វីឡើយនៅតែរឹងមាំដដែល មិនដូចមនុស្សចំនួនបានលើកឡើងនោះទេ។ ការលើកឡើងរបស់លោកនេះ ក្រោយពេល ចលនានិស្សិតនៅក្រៅប្រទេសនិយាយថា “សម្តេចតេជោ ហ៊ុន សែន កំពុងប្រឈមមុខបញ្ហាធំៗដែលនាំឲ្យគណបក្សកាន់អំណាចប្រេះបែកជាពីរ” ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Cambodia Dailly នាថ្ងៃ១៤ កក្កដា។

ក្នុងនោះក៏មានការលើកឡើងថា បើសិន សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បែកចេញពីសម្តេចតេជោ ទៅបង្កើតបក្សមួយទៀតនឹងទទួលបានការគាំទ្រច្រើន ។

លោក សុខ ឥសាន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១៥ កក្កដា ថា ការលឺសូរថាគណបក្សប្រជាជនកម្ពុជាបែកបាក់នេះ មិនមែនត្រឹមលឺពេលនេះទេ បានលឺតាំងពីជាង៤០ឆ្នាំមុនមកម្ល៉េះ។ ប៉ុន្តែទោះបីជាយ៉ាងណា លោកបានអះអាងថា គណបក្សគ្មានថ្ងៃបែកបាក់ ឬប្រេះបែកជាពីរតាមការចង់បានរបស់មនុស្សខ្លះទេ ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

លោកថា “គណបក្សប្រជាជនកម្ពុជានៅតែរឹងមាំដដែល។ ចឹងនៅក្នុងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនគឺថា សាមគ្គីឯកភាពផ្ទៃក្នុងគឺជាអាយុជីវិតរបស់គណបក្ស ។ រហូតមកទល់ពេលនេះដែលខ្ញុំនៅនេះតាំងឆ្នាំ១៩៧៩ មិនដែលឃើញបែកបាក់ទេ ព្រោះលក្ខខណ្ឌការងាររបស់គណបក្សប្រជាជនកម្ពុជា គេធ្វើមានលក្ខណៈបែបបទត្រឹមត្រូវ” ។

លោក សុខ ឥសាន ឲ្យដឹងទៀតថា មន្រ្តីគណបក្សប្រជាជនកម្ពុជា តាំងពីថ្នាក់កំពូលដល់ថ្នាក់ក្រោម សុទ្ធតែបានអនុវត្តទៅតាមលក្ខខណ្ឌកន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់បក្ស ។

ក្រុមចលនានិស្សិតនៅក្រៅប្រទេសតាមរយៈសេចក្តីថ្លែងការណ៍នាថ្ងៃ១៤ កក្កដា បន្តថា ការនាំប្រេះបែកជាពីររបស់គណបក្សកាន់អំណាច ដោយសារមូលហេតុ៣យ៉ាង ៖ ទី១-ទំនាក់ទំនងការបរទេសមិនបានល្អ ទី២-បញ្ហាបែកបាក់ផ្ទៃក្នុងជាតិ និងទី៣-បញ្ហាបែកបាក់ផ្ទៃក្នុងបក្ស។

ចំណែកលោក គឹម សុខ អ្នកវិភាគនយោបាយ វិញតាមរយៈកិច្ចសំភាសន៍ជាមួយ The Cambodia Dailly ដែរនោះក៏បានឲ្យដឹងថា ការឈានដល់ការបែកបាក់នេះ ក៏អាចមកពីសម្តេច ស ខេង ដែលបង្ហាញសេណារីយ៉ូពីការដឹកនាំតាមប្រទេសស្វីស ដឹកនាំគណៈរដ្ឋមន្រ្តីមានតែ៧រូបទេ ដោយការសម្រេចអ្វីមួយត្រូវធ្វើឡើងដោយមនុស្ស៧រូប អត់មានចេះតែនិយាយអ្វីដោយមនុស្សម្នាក់ឡើយ ។ លោកថា “ចំណុចនេះ អាចបង្ហាញថា គណបក្សប្រជាជនកម្ពុជា កំពុងមានភាពរង្គោះរង្គើ” ។

លោក គឹម សុខ អ្នកវិភាគនយោបាយ

ជាមួយគ្នានេះ លោក គឹម សុខ សង្កត់ធ្ងន់ថា បើក្នុងករណីសម្តេច ស ខេង បែកពីសម្តេចតេជោ ហ៊ុន សែន ហើយទៅបង្កើតគណបក្សនយោបាយថ្មីមែននោះ សម្តេច ស ខេង នឹងទទួលជោគជ័យក្នុងលក្ខខណ្ឌប្រជាធិបតេយ្យ ដោយសារសម្តេច ស ខេង មានហិរញ្ញវត្ថុ និងកំលាំងប្រដាប់អាវុធគ្រប់គ្រាន់ ។

តបទៅលោក គឹម សុខ ថា បើមានការបែកគ្នាមែន ហើយសម្តេច ស ខេង ទៅបង្កើតបក្សមួយទៀតដោយសម្តេច ស ខេង នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងនោះ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងថា គ្មានថ្ងៃដូចលោកគឹម សុខនិយាយទេ ព្រោះសម្តេច ស ខេង បានធ្វើអ្វីៗ ដោយមានការពិភាក្សា និងឆ្លងកាត់សម្តេចតេជោជានិច្ច ។

លោក ខៀវ សុភ័គក៏បានហៅលោក គឹម សុខថា “ជាមនុស្សសសៃប្រសាទ និងឆ្កួត” ។
លោកបន្ថែមថា ដូចលើកមុនដែលលោក គឹម សុខនិយាយថា នឹងមានការលក់ក្រសួងមហាផ្ទៃ តែជាក់ស្តែងអត់មានទេ ហើយជាពិសេសក្រសួងក៏បានមានគម្រោងធ្វើថ្មី នៅលើទីតាំងចាស់ផងដែរ ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ

អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា “គឹម សុខ ជាអ្នកវិភាគ មានរោគសសៃប្រសាទ ពូមិនតបជាមួយទេ កន្លងមកថា ក្រសួងមហាផ្ទៃលក់អីណាណី ។ ពោលសម្តេចក្រឡាហោមគោរពសម្តេចតេជោណាស់ ដោយសូមយោបល់រាល់ពេល រាល់វេលា ក្នុងពេលធ្វើការងារ” ។

ចំពោះលោកបណ្ឌិត មាស នី អ្នកវិភាគសង្គម ក្នុងកិច្ចសំភាសន៍ជាមួយ The Cambodia Dailly ក៏បានថ្លែងក្នុងន័យការពារគណបក្សកាន់អំណាច ដូចទៅនឹងលោក សុខ ឥសានដែរថា មនុស្សជាច្រើនបានដាក់ការរំពឹងថា គណបក្សប្រជាជនកម្ពុជាបែកបាក់គ្នានោះ គឺត្រូវគេរំពឹងជាង៣០ឆ្នាំមកហើយ តែគណបក្សនេះ នៅតែមិនអាចមានសញ្ញាណាមួយបែកបាក់គ្នាបានឡើយ ៕

លោកបណ្ឌិត មាស នី អ្នកវិភាគសង្គម
To Top