ព័ត៌មានជាតិ

បើកយុទ្ធនាការ ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋចំនួន ៥ស្រុកទៀត ក្នុងខេត្តកំពង់ចាម

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋចំនួន ៥ស្រុកទៀត ដល់ពីទីនេះ បានធ្វើឡើង នៅមន្ទីរពេទ្យបង្អែក ស្រុកចំការលើ ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា សម្រាប់ខេត្តកំពង់ចាម មានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ១៩ ច្រើនគួរឱ្យព្រួយបារម្ភ ទើបអាជ្ញាធរខេត្តបានរិះរកវិធីដោះស្រាយ ដោយមានការឯកភាព ពីថ្នាក់ដឹកនាំ ប្រធាន -អនុប្រធាន ក្រុមការងារជួយខេត្តកំពង់ចាម រិះរកមធ្យោបាយដើម្បី កុំឱ្យជំងឺនេះឆ្លងរាលដាល កាន់តែធ្ងន់ធ្ងរបន្ថែមទៀត ដោយបានធ្វើការស្នើ សុំវ៉ាក់សាំងពី សម្ដេចតេជោ នាយករដ្ឋមន្ត្រី ទើបសម្ដេច បានដាក់ចេញវិធានការ ផ្ដល់ថ្នាំវ៉ាក់សាំង ឲ្យចាក់ជូនប្រជាពលរដ្ឋ ក្នុងកម្រិតថ្នាក់ជាតិតែម្តង ដោយប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម បានទទួលវ៉ាក់សាំង មុនប្រជាពលរដ្ឋ នៅតាមបណ្ដាខេត្តដ៏ទៃ ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា កន្លងទៅថ្មីៗនេះ រដ្ឋបាលខេត្តកំពង់ចាម បានបើកយុទ្ធនាការ ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋចំនួន៤ ស្រុក និងក្រុង១ គឺនៅក្រុងកំពង់ចាម, ស្រុកកំពង់សៀម, ស្រុកព្រៃឈរ, ស្រុកជើងព្រៃ, ស្រុកបាធាយ ដែលមានប្រជាពលរដ្ឋប្រមាណជាជាង ២០ម៉ឺននាក់ បានទទួលវ៉ាក់សាំងដូសទី១។ ចំណែកដូសទី២ នឹងចាប់ផ្ដើមចាក់ជូនប្រជាពលរដ្ឋ នៅថ្ងៃទី១៩ ខែកក្កដាខាងមុខនេះ ។

លោកអភិបាល ខេត្តបានបន្តថា បច្ចុប្បន្នរដ្ឋបាលខេត្តបានទទួលវ៉ាក់សាំងបន្ថែម សម្រាប់ចាក់ជូន ប្រជាពលរដ្ឋចំនួន ៥ស្រុកទៀត មានស្រុកកោះសូទិន, ស្រុកស្រីសន្ធរ, ស្រុកកងមាស , ស្រុកចំការលើ, និងស្រុកស្ទឹងត្រង់ , ដែលមានប្រជាពលរដ្ឋក្នុងរង្វង់ជិត ៣០ម៉ឺននាក់ ដែលត្រូវមកចូលរួមចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី ១៥ ខែកក្កដា នេះតទៅ តាមទីកន្លែង ដែលមន្ទីរសុខាភិបាលរដ្ឋបាលខេត្តកំពង់ចាម និងអាជ្ញាធរមូលដ្ឋានបានរៀបចំ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ អញ្ជើញមកទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា ដើម្បី បង្ការ ការពារកុំឲ្យជំងឺនេះ ឆ្លងចូលក្នុងគ្រួសារ និងក្នុងសហគមន៍ ៕

To Top