ភ្នំពេញ ៖ នាយកដ្ឋាន សុវត្ថិភាពចរាចរណ៍ ផ្លូវគោក នាថ្ងៃ១៥ កក្កដានេះ បានលើកឡើង ដោយយោងតាមមាត្រា២០ ចំណុចទី៧ នៃច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថា នៅលើស្ពានចង្អៀត ដែលបើកបរបាន តែរថយន្តមួយគ្រឿង គឺយានយន្តធុនធំ ត្រូវទុកសិទ្ធិ ឲ្យយានយន្តធុនស្រាលទៅមុន ។ តែបើក្នុងករណីរថយន្តធុនធំ បានទៅដល់លើស្ពានមុន រថយន្តធុនស្រាល ត្រូវឈប់សិន រងចាំទាល់តែរថយន្តធុនធំ ឆ្លងផុតស្ពានមុនសិន ។
សូមបញ្ជាក់ថា ការលើកឡើង របស់នាយកដ្ឋាន សុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ ក្រោយមានការពិភាក្សា វែកញែកគ្នា ដោយសារបានឃើញរូបភាព មួយសន្លឹក ស្តីពី រថយន្តធុនធំ និងរថយន្តធុនតូចបានជាប់គៀបគ្នា នៅលើស្ពានតូចចង្អៀតមួយ ហើយបានចែកចាយ ពេញបណ្តាញសង្គម។
ហេតុការណ៍នេះ បើតាមសេចក្តីរាយការណ៍ កើតឡើងកាលពីថ្ងៃ១៤ កក្កដា ដោយមានការប៉ះទង្គិចគ្នា រវាងរថយន្តធន់ធ្ងន់មួយគ្រឿង និងរថយន្ត Toyota Pruis លើស្ពានដែកមួយកន្លែង ស្ថិតនៅភូមិឫស្សីមួយគុម្ព ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ។ ស្រ្តីជាម្ចាស់រថយន្ត Toyota Pruis បានឲ្យដឹងថា ខ្លួនបានបើកចូលដល់លើស្ពាន ប្រមាណបីម៉ែត្រហើយ ស្រាប់តែពេលនោះ រថយន្តធុនធំ បានបើកបោះពួយយ៉ាងលឿន ហើយខ្លួនខំស៊ីផ្លេផង វ៉ៃភ្លើងផង ប៉ុន្តែខាងរថយន្តធំនៅតែ បើកសំដៅមកយ៉ាងលឿន មិនឈប់ទេ ។ តែបើតាមម្ចាស់រថយន្តធុនធំថា មកពីជាន់ហ្វ្រាំងមិនស៊ី ទើបជ្រុលមកបែបនេះ ៕