ព័ត៌មានជាតិ

កូវីដ-១៩៖ អគ្គនាយក ប.ស.ស. បន្តខិតខំដឹកនាំ ​មន្ត្រីបុគ្គលិក ក្នុងស្ថាប័ន ឱ្យបម្រើសេវាជូន សមាជិក ប្រកបដោយ ទំនួលខុសត្រូវខ្ពស់

ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល​ ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានក្រើនរំលឹក និងណែនាំដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រី និងបុគ្គលិកក្នុងស្ថាប័ន ក្រោមឱវាទទាំងអស់ ជាមួយនឹងកិច្ចការរបស់ខ្លួន ត្រូវបំពេញការងារយ៉ាងម៉ត់ចត់ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីផ្តល់សេវារបបសន្តិសុខសង្គម ជូនបងប្អូនកម្មករនិយោជិត ជាសមាជិក ប.ស.ស. បានទាន់ពេលវេលា បើទោះជាស្ថិតក្នុងបរិបទដ៏លំបាក នៃសម័យកាលកូវីដ-១៩ ក៏ដោយ ។

ការផ្តល់ឱវាទណែនាំ ដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកខាងលើនេះ ត្រូវបានប្រព្រឹត្តទៅ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ដោយមានវត្តមានចូលរួម ពីថ្នាក់ដឹកនាំ ព្រមទាំងលោក លោកស្រីដែលជាប្រធាន អនុប្រធាន គ្រប់សាខា ប.ស.ស. ខេត្ត-ខណ្ឌទាំងអស់ តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)។

ជាមួយគ្នានេះ លោកអគ្គនាយក បានមានប្រសាសន៍ទៀតថា ក្រោមការដឹកនាំ​ ប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចលោកបានគិតគូរខ្ពស់បំផុត ពីសុខុមាលភាពរបស់ មន្ត្រីរាជការ បុគ្គលិកគ្រប់ស្ថាប័នរបស់រដ្ឋ និងឯកជន រួមទាំងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ នៅក្នុងប្រទេសទាំងមូលផងដែរ ជាមួយគ្នានឹងការដាក់ចេញ នូវផែនការយ៉ាងម៉ត់ចត់ ក្នុងការទប់ស្កាត់នូវការរីករាលដាល នៃជំងឺកូវីដ-១៩ តាមរយៈវិធានសុខាភិបាល ពិសេសឱ្យអនុវត្តនូវវិធាន ៣ការពារ និង ៣កុំ ជាប់ជាប្រចាំ។

ឆ្លើយតបនិងការអំពាវនាវ ពីសំណាក់ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា លោកអគ្គនាយកតែងតែមាន ការយកចិត្តទុកដាក់ខ្ពស់ និងក្រើនរំលឹកណែនាំដល់មន្ត្រី បុគ្គលិកក្នុងស្ថាប័ន ក្រោមឱវាទរបស់ខ្លួន ឱ្យបង្កើនស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តវិធានសុខាភិបាល ជាមួយគ្នា ព្រមទាំងកិច្ចការរបស់ខ្លួន ឱ្យបានម៉ត់ចត់ប្រកបដោយ ភាពទទួលខុសត្រូវខ្ពស់ ដើម្បីផ្តល់សេវា របបសន្តិសុខសង្គម ជូនបងប្អូនកម្មករ និយោជិត ជាសមាជិក ប.ស.ស. បានទាន់ពេលវេលា បើទោះបីជាកន្លងមកនេះ មន្ត្រី និងបុគ្គលិកជំនាញទាំងអស់ បានបំពេញកិច្ចការរបស់ខ្លួន ទទួលបានលទ្ធផលល្អ ប្រសើរយ៉ាងណាក្តី។

លោក អ៊ុក សមវិទ្យា បានថ្លែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តី និងបុគ្គលិក បេឡាជាតិសន្តិសុខសង្គម ដែលកន្លងមកនេះ បានអនុវត្ត និងបំពេញការងាររបស់ខ្លួន ទទួលបានលទ្ធផលល្អប្រសើរ គួរឱ្យកត់សម្គាល់ បើទោះបីជាស្ថិតក្នុង ស្ថានភាពដ៏លំបាក នៃការរីករាលដាល ជំងឺកូវី-១៩ នេះយ៉ាងណាក៏ដោយ៕

To Top