ព័ត៌មានជាតិ

គម្រោង ស្ថាបនាផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប សម្រេចបាន៦៦%

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ គម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប សម្រេចបាន ៦៦,៣៤%ហើយ។

ក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង នាថ្ងៃទី១៥ កក្កដា នេះ តាមប្រព័ន្ធវីដេអូ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់គណៈកម្មការអន្តរក្រសួង ក្រុមការងារបច្ចេកទេស និងអង្គភាពអនុវត្តគម្រោង ដែលបានខិតខំប្រឹង ប្រែងយកចិត្តទុកដាក់អនុវត្តគម្រោង​ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

សម្ដេច បន្ដថា នៅពេលបញ្ចប់ គម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែនេះ ប្រជាពលរដ្ឋ នៅខេត្តសៀមរាប នឹងទទួលបាននូវអត្ថប្រយោជន៍ ពីការអភិវឌ្ឍនេះយ៉ាងពិតប្រាកដ ដោយហេតុថា គម្រោងនេះ នឹងតភ្ជាប់ពីទីប្រជុំជនទៅ កាន់តំបន់ជាយក្រុង តំបន់ទេសចរណ៍វប្បធម៌សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិ នានា ប្រកបដោយភាពប្រទាក់ក្រឡាគ្នា ទាក់ទាញភ្ញៀវ ទេសចរណ៍ ជាតិ និងអន្តរជាតិ និងវិនិយោគិនបង្កើត ការងារធ្វើជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ សេដ្ឋកិច្ច ឲ្យមានការរីកចម្រើន។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំ ការ នៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប បានអានរបាយការណ៍ថា «វឌ្ឍនភាពការងារជារួម នៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ សម្រេចបាន៦៦,៣៤%ហើយ ដោយប្រើប្រាស់រយៈពេលសាងសង់ ចំនួន៧ខែ គិតចាប់ពីថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០២០»។

ឆ្លើយតបទៅនឹង របាយការណ៍ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធាន គណៈកម្មការអន្តរក្រសួង បានឯកភាពទៅលើវឌ្ឍន ភាពការងារសម្រេច បាន៦៦,៣៤% ដោយប្រើប្រាស់រយៈពេលសាងសង់ ចំនួន៧ខែ និងបានសន្និដ្ឋានថា ដោយពិនិត្យមើលការងារដែលនៅសេសសល់ មួយចំនួន ស្មើនឹងមួយភាគបី នៃទំហំការងារសរុប។

សូមបញ្ជាក់ថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប មានប្រវែង ១០៨,៧៤ គីឡូម៉ែត្រ គ្រោងប្រើប្រាស់ថវិកាជាតិ ជាង១៤០លានដុល្លារអាមេរិក និងថវិកាប្រមាណ ជាង៩លានដុល្លារទៀត សម្រាប់ការងារចាំបាច់ ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ដែលនៅក្រៅគម្រោងសាងសង់ ខ្សែផ្លូវទាំង៣៨នេះ ដោយប្រើប្រាស់ រយៈពេលសាងសង់ ចំនួន១៣ខែ គ្រោងនឹងបញ្ចប់ នៅចុងឆ្នាំ២០២១៕

To Top