ព័ត៌មានជាតិ

កម្ពុជា នឹងទទួលបានរូបចម្លាក់ ព្រះស្កន្ទគង់លើក្ងោក ពីអាមេរិកឆាប់ៗនេះ

ភ្នំពេញ៖ កម្ពុជានឹងទទួលបានមកវិញនូវសម្បត្តិវប្បធម៌ខ្មែរ រូបចម្លាក់ «ព្រះស្កន្ទគង់លើក្ងោក» ពីភាគីសហរដ្ឋអាមេរិក ។ រូបចម្លាក់នេះ ត្រូវបានអាមេរិករឹបអូសបានពីពលរដ្ឋខ្លួន នៅសង្កាត់ភាគខាងត្បូង នៃទីក្រុងញូវយ៉ក ។

យោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៦ កក្កដានេះ បានឲ្យដឹងថា វត្ថុបុរាណដ៏ពិចិត្រនេះ ត្រូវបានយកចេញពីប្រាសាទក្រចាប់ដែលជាប្រាសាទមួយ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ អតីតរាជធានី នៃអាណាចក្រខ្មែរ នៅសតវត្សរ៍ទី១០ គ.ស។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌បានថ្លែងថា «រូបចម្លាក់ព្រះស្កន្ធគង់លើក្ងោកនេះ» គឺជាគំរូនៃភាពច្នៃប្រឌិតដ៏គួរឲ្យស្ញប់ស្ញែងរបស់បុព្វបុរសខ្មែរ។ ព្រះស្កន្ទ ទេពនៃសង្គ្រាមរបស់សាសនាហិណ្ឌូ គឺកម្រមានឃើញនៅក្នុងសិល្បៈខ្មែរ ប៉ុន្តែត្រូវបានបង្ហាញរូបរាងយ៉ាង លេចធ្លោនៅប្រាសាទក្រចាប់។ ការវិលត្រឡប់មកវិញនៃរូបចម្លាក់នេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការស្វែងរក និងនាំយកមកវិញនូវព្រលឹងរបស់បុព្វបុរស ដែលបានចាកចេញពីមាតុភូមិកំណើត អស់រយៈពេលច្រើនឆ្នាំកន្លងមក ក្នុងអំឡុងសម័យសង្គ្រាម។

លោកស្រីបន្តថា «យើងខ្ញុំមានក្តីរំភើបឥតឧបមា នៅពេលដែលយើងអាចទទួលបានមកនូវវិញ សម្បត្តិវប្បធម៌ដ៏មានតម្លៃជាច្រើន ដែលត្រូវបាននាំចេញដោយ ខុសច្បាប់ពីប្រទេសកម្ពុជា ជាអាទិ៍ រូបចម្លាក់ព្រះឥសូរ និងព្រះស្កន្ទ ដែលនឹងបញ្ជូនត្រឡប់មកកម្ពុជាវិញ នាពេលឆាប់ៗខាងមុខនេះ ហើយជឿជាក់ថា បានយកចេញពីកន្លែងតែមួយជាមួយ នឹងរូបចម្លាក់ព្រះស្កន្នគង់លើក្ងោក នៅក្នុងតួប៉មកណ្តាលនៃប្រាសាទក្រចាប់ ។ ការត្រឡប់មកវិញ នៃរូបចម្លាក់ទាំងនេះ និងរបកគំហើញថ្មីៗជាបន្តបន្ទាប់ បានផ្តល់ឲ្យប្រជាជនកម្ពុជា និងពិភពលោកនូវការយល់ដឹង កាន់តែប្រសើរថែមទៀតអំពីវប្បធម៌ និងប្រវត្តិសាស្រ្តខ្មែរបុរាណ» ៕

To Top