ព័ត៌មានជាតិ

អង្គការហ្រ្គេត ផ្តល់ជំនួយបច្ចេកទេស ដល់ ប.ស.ស. ក្រោមគម្រោងកិច្ចគាំពារ សុខភាពសង្គម ផ្តោតសំខាន់ អភិវឌ្ឍមជ្ឈមណ្ឌល ផ្តល់ព័ត៌មាន

ភ្នំពេញ៖ បន្ទាប់ពីមានកិច្ចប្រជុំពិភាក្សាម្ដងរួចមក កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ ក្រោមការចាត់តាំងពីសំណាក់ លោកប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នេះ លោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋាន សេវាអតិថិជន និងទំនាក់ទំនងសាធារណៈ និងជាប្រធានក្រុមការងារ បច្ចេកទេស SPIN បានដឹកនាំមន្ត្រីបច្ចេកទេសជំនាញជាច្រើនរូប ចូលរួមប្រជុំពិភាក្សាបន្ត ជាមួយតំណាងអង្គការហ្គ្រេត (GRET) ស្ដីពីការអភិវឌ្ឍមជ្ឈមណ្ឌលផ្ដល់ព័ត៌មាន នៃ ប.ស.ស. ។

ការរៀបចំឱ្យមានកិច្ចប្រជុំពិភាក្សា បន្តនាព្រឹកនេះ គឺដើម្បីពិនិត្យបន្ថែម និងពិភាក្សារួមគ្នាឱ្យកាន់តែស៊ីជម្រៅ ក្នុងការប្រមូលធាតុ ចូលសំខាន់ៗបន្ថែមទៀត ដើម្បីឈានទៅរក ការអភិវឌ្ឍមជ្ឈមណ្ឌលផ្ដល់ព័ត៌មានរបស់ ប.ស.ស. ឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ ក្នុងការផ្ដល់សេវាជូនសមាជិករបស់ខ្លួន។

គួររំលឹកថា អង្គការហ្រ្គេត (GRET) បានផ្តល់ជំនួយបច្ចេកទេសមក ប.ស.ស. ក្រោមគម្រោងកិច្ចគាំពារសុខភាពសង្គម (SPIN Project) ដោយគម្រោងនេះ ផ្តោតសំខាន់ទៅលើការ អភិវឌ្ឍមជ្ឈមណ្ឌលផ្តល់ព័ត៌មាន ប.ស.ស. ដោយធ្វើការសិក្សាលើប្រព័ន្ធ Hotline 1286 ដែល ប.ស.ស. បាននឹងកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន ដោយអភិវឌ្ឍន៍ និងធ្វើសមាហរណកម្មកម្មវិធី ដើម្បីឱ្យក្លាយជាមជ្ឈមណ្ឌលផ្តល់ព័ត៌មានពេញលេញមួយ ដែលមានលក្ខណៈស្តង់ដារ។

សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាខាងលើ ប្រព្រឹត្តទៅនៅសាលប្រជុំនៃ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញ ដោយមានវត្តមានចូលរួម ពីមន្រ្តីបច្ចេកទេសជំនាញ និង អ្នកជំនាញការរបស់ ប.ស.ស. រួមទាំងតំណាងអង្គការហ្រ្គេត (GRET) មួយចំនួនផងដែរ តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)៕

To Top