នយោបាយ

លោក សយ សុភាព ៖ សម រង្ស៊ី-កឹម សុខា ត្រូវអាមេរិកបោក បច្ចុប្បន្នអាមេរិក យក កឹម សុខា មកលេងនយោបាយ ជំនួស សម រង្ស៊ី

ភ្នំពេញ ៖ ក្នុងនាមជាអ្នកចូលចិត្ត តាមស្ថានការណ៍នយោបាយ ទាំងក្នុងនិងក្រៅប្រទេស និងជាប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន លោក សយ សុភាព បានលើកឡើងថា ទាំងលោក សម រង្ស៊ី និងលោក កឹម សុខា ត្រូវរដ្ឋាភិបាលអាមេរិក បោកប្រាស់ ដើម្បីបម្រើផលប្រយោជន៍ ឲ្យមហាអំណាចនេះ ប៉ុន្តែឥឡូវដោយសារលោក សម រង្ស៊ី អស់ផលប្រយោជន៍ បែរមករកលោក កឹម សុខា ជំនួសលោក សម រង្ស៊ី វិញ ដើម្បីលេងល្បែងនយោបាយ ជាមួយអ្នកកាន់អំណាចកម្ពុជា សព្វថ្ងៃនេះ ។

ការលើកឡើងរបស់លោកនេះ ក្រោយពីលោក មុត ចន្ថា មនុស្សជំនិតលោក កឹម សុខា បាននិយាយកាលពីថ្ងៃ៩ កក្កដា ថា ទ្រឹស្តីមនុស្សពីរនាក់ ជាមនុស្សតែមួយ គួរឲ្យខ្ពើមរអើម និងជាពាក្យកុហករបស់លោក សម រង្ស៊ី។ លោកបន្តថា មនុស្សម្នាក់ដើរចេញ ពីគោលការណ៍រួម ក្លាយខ្លួនជនល្មើសច្បាប់ ប៉ុន្តែនៅតែអះអាងជាដៃគូ ស្មោះត្រង់ ឬជាមនុស្សតែមួយ គឺគេមានចេតនា បំផ្លាញមនុស្សម្នាក់ទៀត (ដៃគូខ្លួន) តាមរយៈការអូសទាញ ឲ្យមកគាំទ្រនិងការពារ អំពើល្មើសច្បាប់របស់គេ និងមានទោសជាមួយគេ ក្នុងឋានៈជាសហចារីក្នុងបទល្មើស។ មនុស្សបែបនេះត្រូវបានគេចាត់ទុកថា ប្រភេទមនុស្សទុច្ចរិត ឬមនុស្សបេះដូងខ្មៅ ឬដៃគូទុយ៌ស គោលការណ៍និត្យានុកូលភាព គឺអ្នកណាបំពានច្បាប់ អ្នកនោះទទួលខុសត្រូវចំពោះមុខច្បាប់។

លោក សយ សុភាព តាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃ១៦ កក្កដា ថ្លែងថា “ហេតុអីទើបដឹងពេលនេះ។ ខ្ញុំបានដឹងយូរហើយ។ ពួកគាត់ធ្លាប់និយាយបែបនេះឆ្លើយទៅនឹងសំណួររបស់លោក ជុន ចាន់បុត្រ របស់វិទ្យុអាស៊ីសេរីថា ពួកគាត់ទាំង២បែកគ្នាស្លាប់ មិនអាចបែកបានទេ ។ តែឥឡូវបែកហើយ” ។

លោកបន្តថា ពួកគាត់ធ្វើនយោបាយតាមអាមេរិកប្រឆាំងចិនដូច្នេះ អាមេរិក ត្រូវបោកអ្នកទាំង២នាក់ សិន។ បច្ចុប្បន្នអាមេរិកធិប សម រង្ស៊ីដោះដូរ ជាមួយអ្នកកាន់អំណាចយក លោក កឹម សុខា មកលេង នយោបាយ (មិនរំលោភផ្លូវច្បាប់ទេ សុំទោសទុកជាមុន) តែមិនគួរនៅឆ្នាំ២០២២ទេ គួរពន្យារហូតដល់ឆ្នាំ២០២៣” ។

លោក សយ សុភាពអះអាងថា ភូមិសាស្ត្រនយោបាយមិនអំណោយផល សម្រាប់អាមេរិក និងសម្ព័ន្ធមិត្តទៀតទេ ដូច្នេះចិនដណ្តើម បានឧត្តមភាពនៅអាស៊ីហើយ។

លោកសង្កត់ធ្ងន់ថា “ខ្ញុំមើលឃើញថា ក្រុមអស់លោកនឹងឈ្លោះគ្នាដណ្តើមអំណាច តាមហ្វេសប៊ុកកាន់តែខ្លាំង ហើយនឹងពោលពាក្យថា ចាញ់បោកនយោបាយ អាមេរិក ម្តងទៀតហើយ(CIA) ។ ខ្ញុំបញ្ជាក់ជូនអ្នកនយោបាយដើរតាមអាមេរិកថា ចិននិងមហាមិត្តរបស់ចិន នឹងមិនអនុញ្ញាតឲ្យអាមេរិក និងសម្ព័ន្ធមិត្តក្រឡុកពិភពលោកទៀតទេ ទោះក្នុងរូបភាពណាក៏ដោយ” ។

លោកបន្ថែមថា ដូច្នេះត្រូវរួមគ្នាទប់ស្កាត់ វាយបក និងវាយកម្ទេចតែម្តង ប្រសិនបើពួកគេបំផ្លាញសន្តិសុខជាតិ និងស្ថេរភាពប្រទេស។ គាំទ្រពេញទំហឹង នូវទស្សនៈវិជ្ជានយោបាយ ដ៏ភ្លឺស្វាងរបស់រដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន ការពារសន្តិភាពដើម្បីកសាងប្រទេសឲ្យរីកចម្រើនរុងរឿង។ ត្រូវថែរក្សាឲ្យបាននូវមហាសមិទ្ធផល «២៩ ធ្នូ ១៩៩៨» ដែលជារបស់ខ្មែរពិតប្រាកដ៕

To Top