ព័ត៌មានជាតិ

មីយ៉ាន់ម៉ា កំពុងខ្វះអុកស៊ីសែន វេជ្ជសាស្រ្តធ្ងន់ធ្ងរ ប៉ុន្ដែមេដឹកនាំយោធ ថា គ្មានបញ្ហា

រ៉ង់ហ្គូន ៖ ប្រទេសមីយ៉ាន់ម៉ា កំពុងតែពុះពារនឹងកង្វះអុកស៊ីសែន ផ្នែកវេជ្ជសាស្ត្រ ចំពេលមានករណីរីករាលដាល នៃជំងឺកូវីដ-១៩ ខណៈដែលប្រទេសនេះ បានរាយការណ៍ ពីការឆ្លងមេរោគវីរុសថ្មី ចំនួន ៧,០៨៣ករណី ក្នុងរយៈពេល ២៤ ម៉ោង ។

ដោយសារបុគ្គលិកពេទ្យជាច្រើន នៅតែមិនព្រមវិលត្រឡប់ ទៅរកការងារធ្វើវិញ ដើម្បីប្រឆាំងនឹងរដ្ឋប្រហារយោធា កាលពីខែកុម្ភៈ ចំនួនពិតប្រាកដនៃ ការឆ្លងត្រូវបានគេជឿថា ខ្ពស់ជាងការបង្ហាញនៅក្នុងទិន្នន័យផ្លូវការ ។

អាជ្ញាធរសុខាភិបាល ក៏បានរាយការណ៍ពីការស្លាប់ថ្មីចំនួន ១៤៥ នាក់ ដោយសារវីរុស ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលបានធ្វើឱ្យចំនួនអ្នកស្លាប់ សរុបកើនឡើងដល់ ៤,១៨១ នាក់ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា នៅទីក្រុងយ៉ាំងហ្គោន ប្រជាជនបានតំរង់ជួរ នៅតាមរោងចក្រ ដើម្បីទិញអុកស៊ីសែន សម្រាប់សមាជិកគ្រួសារ របស់ពួកគេ ដែលមិនអាចចូលមន្ទីរពេទ្យ បានដោយសារខ្វះគ្រែ សម្រាកព្យាបាល។

វិទ្យុអាស៊ីសេរី ដែលឧបត្ថម្ភថវិកា ដោយ សហរដ្ឋអាមេរិក បានរាយការណ៍ឲ្យដឹងថាសាកសព ជាង ៥០០ នាក់ ក្នុងមួយថ្ងៃត្រូវបានបញ្ជូន ទៅកាន់ទីបញ្ចុះសព នៅក្នុងទីក្រុងធំបំផុតនាពេលថ្មីៗនេះ ខណៈដែលកង្វះគ្រែមន្ទីរពេទ្យ និងអុកស៊ីសែនវេជ្ជសាស្ត្រ កាន់តែធ្ងន់ធ្ងរ រដ្ឋាភិបាលយោធានៅតែទទូចថា មិនមានបញ្ហាអ្វីទេ។

លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ត្រូវបានដកស្រង់សម្តី ដោយកាសែតរដ្ឋ Global New Light of Myanmar នៅក្នុងរបាយការណ៍មួយថា “តាមពិតយើងមានអុកស៊ីសែន គ្រប់គ្រាន់” ៕ដោយ ឈូក បូរ៉ា

To Top