ភ្នំពេញ៖ ជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី លើសាកលលោក រដ្ឋាភិបាលជប៉ុន បានផ្តល់រថយន្តគិលានសង្គ្រោះ ចំនួន៣០គ្រឿងបន្ថែមទៀត ជូនដល់កម្ពុជា។
នេះគឺជាការប្រគល់បន្ថែម លើរថយន្តគិលានសង្គ្រោះចំនួន ៧០គ្រឿង ដែលបានផ្ដល់ជូនកន្លងរួចមកហើយ។ រថយន្តគិលានសង្គ្រោះទាំង៣០គ្រឿងនេះ បានបញ្ជូនទៅកាន់មូលដ្ឋាន សុខាភិបាលជាច្រើន ក្នុងសប្តាហ៍នេះ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថាជំនួយនេះ គឺផ្អែកលើវិធានការណ៍កិច្ចសហប្រតិបត្តិការ ដែលបានដាក់ចេញជាមួយបណ្តាប្រទេសអាស៊ាន ដែលត្រូវបានប្រកាសដោយ លោកអតីតនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបិ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស កាលពីខែមេសា ឆ្នាំមុន។
គំនិតផ្តួចផ្តើមនេះគឺជា ផ្នែកមួយនៃការងារជាច្រើន របស់រដ្ឋាភិបាលជប៉ុន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ លើកម្រិតសាកល។
ប្រភពដដែល រៀបរាប់ថា រហូតមកដល់ពេលនេះ ឆ្លើយតបនឹងការស្នើរសុំរបស់រាជរដ្ឋាភិបាលកម្ពុជា ជប៉ុនបានផ្គត់ផ្គង់គ្រឿងបរិក្ខារវេជ្ជសាស្រ្ត ដូចជា រថយន្តគិលានសង្គ្រោះ ចំនួន១០០គ្រឿង ឧបករណ៍ត្រួតពិនិត្យកាំរស្មីអ៊ិច ចំនួន១០ ឧបករណ៍ធ្វើរោគវិនិច្ឆ័យអ៊ុលត្រាសោនចំនួន២៦ ឧបករណ៍ផលិតអុកស៊ីសែនចំនួន៦៣ និងគ្រែសង្គ្រោះបន្ទាន់ចំនួន១០០គ្រែ និងគ្រឿងបរិក្ខារវេជ្ជសាស្រ្ត ជាច្រើនផ្សេងទៀតជូនដល់កម្ពុជា។
លើសពីនេះទៀត កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្រ្តីការបរទេសជប៉ុន បានប្រកាសថា ជប៉ុននឹងផ្តល់វ៉ាក់សាំង AstraZeneca ដែលផលិតនៅប្រទេសជប៉ុន ប្រមាណ ១,០០០,០០០ ដូសជូនដល់កម្ពុជាតាមរយៈ COVAX Facility។ វ៉ាក់សាំងទាំងនេះនឹងត្រូវបានដឹកជញ្ជូន មកដល់រាជធានីភ្នំពេញក្នុងពេលដ៏ឆាប់ខាងមុខនេះ នៅពេលដែលការរៀបចំ ភស្តុភារដោយ COVAX Facility ត្រូវបានបញ្ចប់។
ជាងនេះទៅទៀត រដ្ឋាភិបាលជប៉ុន នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់នូវឧបករណ៍ចាំបាច់។ សង្ឃឹមថា ការផ្គត់ផ្គង់ទាំងនេះ នឹងអាចជួយដល់ភាគីពាក់ព័ន្ធ ផ្នែកសុខាភិបាលនៅកម្ពុជា ដែលកំពុងប្រយុទ្ធប្រឆាំង ជាមួយនឹងជំងឺកូវីដ-១៩៕