ព័ត៌មានជាតិ

ជប៉ុន​ ផ្ដល់រថយន្តគិលានសង្គ្រោះ​ ៣០គ្រឿងបន្ថែមទៀត​ ដល់កម្ពុជា​

ភ្នំពេញ​៖​ ជាផ្នែកមួយ​ នៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី លើសាកលលោក រដ្ឋាភិបាលជប៉ុន​ បានផ្តល់រថយន្តគិលានសង្គ្រោះ​ ចំនួន៣០គ្រឿងបន្ថែមទៀត​ ជូនដល់កម្ពុជា។

នេះគឺជាការប្រគល់បន្ថែម លើរថយន្តគិលានសង្គ្រោះចំនួន ៧០គ្រឿង​ ដែលបានផ្ដល់ជូនកន្លងរួចមកហើយ។ រថយន្តគិលានសង្គ្រោះទាំង៣០គ្រឿងនេះ បានបញ្ជូនទៅកាន់មូលដ្ឋាន សុខាភិបាលជាច្រើន​ ក្នុងសប្តាហ៍នេះ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់​ ស្ថានទូតជប៉ុន​ ប្រចាំកម្ពុជា​ នាថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ​២០២១​ បានបញ្ជាក់ថាជំនួយនេះ គឺផ្អែកលើវិធានការណ៍កិច្ចសហប្រតិបត្តិការ ដែលបានដាក់ចេញជាមួយបណ្តាប្រទេសអាស៊ាន ដែលត្រូវបានប្រកាសដោយ លោកអតីតនាយករដ្ឋមន្រ្តី​ ស៊ីនហ្សូ អាបិ​ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស​ កាលពីខែមេសា​ ឆ្នាំមុន។

គំនិតផ្តួចផ្តើមនេះគឺជា ផ្នែកមួយនៃការងារជាច្រើន របស់រដ្ឋាភិបាលជប៉ុន​ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ លើកម្រិតសាកល។

ប្រភពដដែល​ រៀបរាប់ថា​ រហូតមកដល់ពេលនេះ ឆ្លើយតបនឹងការស្នើរសុំរបស់រាជរដ្ឋាភិបាលកម្ពុជា ជប៉ុនបានផ្គត់ផ្គង់គ្រឿងបរិក្ខារវេជ្ជសាស្រ្ត​ ដូចជា​ រថយន្តគិលានសង្គ្រោះ ចំនួន១០០គ្រឿង ឧបករណ៍ត្រួតពិនិត្យកាំរស្មីអ៊ិច​ ចំនួន១០ ឧបករណ៍ធ្វើរោគវិនិច្ឆ័យអ៊ុលត្រាសោនចំនួន២៦ ឧបករណ៍ផលិតអុកស៊ីសែនចំនួន៦៣ និងគ្រែសង្គ្រោះបន្ទាន់ចំនួន១០០គ្រែ និងគ្រឿងបរិក្ខារវេជ្ជសាស្រ្ត ជាច្រើនផ្សេងទៀតជូនដល់កម្ពុជា។

លើសពីនេះទៀត កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ លោក​ ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្រ្តីការបរទេសជប៉ុន​ បានប្រកាសថា​ ជប៉ុននឹងផ្តល់វ៉ាក់សាំង AstraZeneca ដែលផលិតនៅប្រទេសជប៉ុន ប្រមាណ ១,០០០,០០០ ដូសជូនដល់កម្ពុជាតាមរយៈ COVAX Facility។ វ៉ាក់សាំងទាំងនេះនឹងត្រូវបានដឹកជញ្ជូន មកដល់រាជធានីភ្នំពេញក្នុងពេលដ៏ឆាប់ខាងមុខនេះ នៅពេលដែលការរៀបចំ ភស្តុភារដោយ COVAX Facility ត្រូវបានបញ្ចប់។

ជាងនេះទៅទៀត​ រដ្ឋាភិបាលជប៉ុន​ នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការផ្តល់នូវឧបករណ៍ចាំបាច់។ សង្ឃឹមថា​ ការផ្គត់ផ្គង់ទាំងនេះ​ នឹងអាចជួយដល់ភាគីពាក់ព័ន្ធ ផ្នែកសុខាភិបាលនៅកម្ពុជា​ ដែលកំពុងប្រយុទ្ធប្រឆាំង ជាមួយនឹងជំងឺកូវីដ-១៩៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top