ព័ត៌មានជាតិ

ចិន ក្លាយជា ប្រទេសធំជាងគេ ក្នុងការផ្តល់ជំនួយ និងប្រាក់កម្ចី ឥតសំណងដល់កម្ពុជា

ភ្នំពេញ៖ លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានថ្លែងថា ចិនក្លាយជាប្រទេសធំជាងគេ ដែលផ្តល់ជំនួយអភិវឌ្ឍ ប្រាក់កម្ចី និងហិរញ្ញប្បទានឥតសំណងជាច្រើន ដល់ប្រទេសកម្ពុជា។

ក្នុងកម្មវិធីសន្ទនាអនឡាញ ស្តីពី ខួប៦៣ឆ្នាំ ទំនាក់ទំនងការទូត កម្ពុជា-ចិន នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ លោក អ៊ុំ សារឹទ្ធ បានឱ្យដឹងថា ចិនតែងចាត់ទុកទំនាក់ទំនងទ្វេភាគី កម្ពុជា-ចិន គឺជាទំនាក់ទំនងដែកថែប ដែលមិនមានអ្នកណា អាចបំបែកបាន។

លោក បន្ដថា កម្ពុជាតែងប្រកាន់ខ្ជាប់នូវ គោលនយោបាយចិនតែមួយ ហើយបានគាំទ្រនូវគំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយផ្លូវមួយ» «មូលនិធិផ្លូវសូត្រ» និង«ធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី» បង្កើតឡើងដោយចិន ដែលជាយុទ្ធសាស្ត្រនយោបាយការទូត និងសេដ្ឋកិច្ច ដើម្បីពង្រឹងភាពជាដៃគូ និងជំរុញការអភិវឌ្ឍរវាងប្រទេស ក្នុងតំបន់ខែ្ស ក្រវ៉ាត់ និងផ្លូវសូត្រ តាមរយៈការតភ្ជាប់ផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ដើម្បីបង្កើនការវិនិយោគ ការដឹកជញ្ជូន ការផ្លាស់ប្តូរប្រជាជន និងវប្បធម៌ជាដើម ។

លោកបន្ថែមថា ការវិនិយោគរបស់ចិន ដោយផ្ទាល់នៅកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោក បញ្ជាក់ថា «សាធារណរដ្ឋប្រជាមានិតចិន បានក្លាយជាប្រទេសធំជាងគេដែលបានផ្តល់ជំនួយអភិវឌ្ឍ ប្រាក់កម្ចី និងហិរញ្ញប្បទានឥតសំណងជាច្រើនដល់ប្រទេសកម្ពុជា ។ ជំនួយ និងការគាំទ្ររបស់ប្រទេសចិនដល់ប្រទេសកម្ពុជា បានរួមចំណែកយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការជួយឱ្យកម្ពុជា ថែរក្សាបាននូវអធិបតេយ្យភាព សន្តិសុខ និងស្ថិរភាពនយោបាយក្នុងប្រទេស។ ថ្មីៗនេះផងដែរ ក្នុងកាលៈទេសៈដ៏លំបាកនៃការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩ ប្រទេសចិនបានបន្តជួយដល់ប្រទេសកម្ពុជា តាមរយៈការផ្តល់ជំនួយជាវ៉ាក់សាំង និងបរិក្ខាពេទ្យជាច្រើនជាបន្តបន្ទាប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ»។

លោកអគ្គលេខាធិការព្រឹទ្ធសភា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែលើកឡើងថា ជំនួយរបស់ចិនមកដល់កម្ពុជា មិនគ្រាន់តែជួយទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ ក៏ប៉ុន្តែវាបានជួយកម្ពុជា ក្នុងការពង្រឹងនូវឯករាជ្យភាពខាងនយោបាយទៀតផង៕

To Top