ព័ត៌មានជាតិ

ក្រសួងកសិកម្ម ពុំដែលផ្ដល់សិទ្ធិផ្ដាច់មុខ ដល់ក្រុមហ៊ុន នាំចូលជ្រូក រស់ពីថៃឡើយ

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា រហូតមក ដល់ពេលបច្ចុប្បន្ននេះ ក្រសួងពុំដែលផ្ដល់សិទ្ធិផ្ដាច់មុខ ដល់ក្រុមហ៊ុន នាំចូលជ្រូករស់ពីប្រទេសថៃ ឡើយ។

ថ្មីៗនេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏ដូចជា ក្រសួងកសិកម្ម បានពិនិត្យឃើញ ថា មានសារព័ត៌មានមួយចំនួន បានចុះផ្សាយអត្ថបទខុស ពីការពិត ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មជ្រូក នៅកម្ពុជាដែលមិនបាន សិក្សាបានច្បាស់លាស់ ធ្វើឲ្យសាធារណជនមាន ការយល់ច្រឡំមកលើក្រសួង ។

សេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានសុខភាពសត្វ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ បានឆ្លើយតបវិញថា «អគ្គនាយកដ្ឋានសុខភាពសត្វ ក៏ដូចជា ក្រសួងកសិកម្ម រហូតមកដល់ពេលបច្ចុប្បន្ននេះ ពុំដែលបានផ្តល់សិទ្ធិផ្តាច់មុខ ដល់ក្រុមហ៊ុននាំចូលជ្រូក រស់ពីប្រទេសថៃ ឡើយ ពោលក្រុមហ៊ុន ដែលមានបំណង ចង់ធ្វើពាណិជ្ជកម្ម នាំចូលជ្រូករស់អាចដាក់ពាក្យស្នើសុំ ដោយត្រូវបំពេញតាមវិធានការ ដែលជាការតម្រូវ ឲ្យអនុវត្តនីតិវិធី និងវិធានបច្ចេកទេសចំនួន ១២ចំណុច រវាងអគ្គនាយកដ្ឋានសុខភាពសត្វកម្ពុជា ជាមួយនាយកដ្ឋានអភិវឌ្ឍន៍ការចិញ្ចឹមសត្វ (DLD) នៃប្រទេសថៃឡង់ដ៏ ហើយសព្វថ្ងៃ មានក្រុមហ៊ុន ចំនួន៦ដែលកំពុងទទួលបានគោលការណ៍នាំជ្រូក រស់ចូលមកកម្ពុជា និងមានចំនួន៤ ក្រុមហ៊ុនទទួលគោល ការណ៍នាំឆ្លងកាត់»។

អគ្គនាយកដ្ឋានសុខភាពសត្វបន្ដថា ប្រទេសជិតខាងកំពុងជួបវិបត្តិការ រីករាលដាលជំងឺកូវីដ-១៩ ធ្វើឲ្យបាត់បង់ទីផ្សារក្នុងស្រុករបស់ខ្លួន ហើយធ្វើឲ្យកក ស្ទះផលិតផលសត្វ ។ ទន្ទឹមនឹងនេះ ក៏មានឈ្មួញខិលខូចមួយចំនួនតូចប្រើប្រាស់ កលល្បិចគ្រប់យ៉ាង ដើម្បីមានឱកាសយកផលិតផល កកស្ទះពីស្រុកគេមកចាក់នៅកម្ពុជា ដោយមិនបានគិតពីការប៉ះពាល់ដល់ការខាតបង់របស់អ្នកវិនិយោគនៅកម្ពុជា និងពីសុខភាពសាធារណៈឡើយ។

អគ្គនាយកដ្ឋានសុខភាពសត្វ បានរៀបរាប់ថា ថ្លៃដើមផលិតជ្រូកសាច់បានប្រែប្រួលក្នុងរង្វង់ពី ៧ ៥០០រៀលទៅ ៩ ០០០រៀល ក្នុង១គីឡូក្រាម មុនវិបត្តិកូវីដ-១៩ ហើយបច្ចុប្បន្នថ្លៃដើមផលិតជ្រូកសាច់រស់បានកើនឡើងប្រមាណពី ១០៥០០រៀល ទៅ ១២ ០០០រៀល ក្នុងមួយគីឡូក្រាម។ ការប្រែប្រួលថ្លៃដើមផលិតជ្រូក សាច់នេះ ដោយសារតម្លៃវត្ថុធាតុដើម ដូចជា ពោត ដំឡូងក្រៀម កាកសណ្ដែកសៀង ម្សៅត្រី និងសារធាតុបន្ថែមសម្រាប់ផ្សំ ចំរើសត្វបានកើនឡើង ប្រមាណពី២០ទៅ៣០%។

ដោយឡែកតម្លៃដឹកជញ្ជូន តាមផ្លូវទឹកកើនឡើងប្រមាណ៣ដង ។ ម្យ៉ាងទៀតកូនជ្រូកពូជសាច់ ក៏បានឡើងថ្លៃពី ៧០ ទៅ ១០០ដុល្លារក្នុងមួយក្បាល ព្រមទាំងការចំណាយបន្ថែមលើការលើកកម្ពស់ជីវសុវត្ថិភាព នៅកន្លែងចិញ្ចឹមសត្វដើម្បីការពារជំងឺឆ្លងសត្វ ជាពិសេសជំងឺប៉េស្តជ្រូកអាហ្វ្រិក (ការបាញ់ថ្នាំសម្លាប់មេរោគ ការប្រើប្រាស់ជំនាញបន្ថែម)។

អគ្គនាយកដ្ឋាន សុខភាពសត្វ បញ្ជាក់ទៀតថា បើទោះបីកម្ពុជាកំពុង ស្ថិតក្នុងស្ថានភាព ជួបវិបត្តិសកល ជំងឺកូវីដ-១៩ ក៏តម្លៃជ្រូក រស់ក្នុងស្រុក មិនមានការប្រែប្រួល ខ្លាំងនោះឡើយគឺស្ថិតនៅក្នុងចន្លោះពី ១២ ៥០០រៀល ទៅ ១៣ ៦០០ រៀល ក្នុង១គីឡូក្រាម អាស្រ័យទៅតាម តំបន់នីមួយៗ ហើយតម្លៃជ្រូកសាច់នាំចូលបានលក់ថោកជាងចន្លោះពី ១០០រៀល ទៅ២០០រៀល ក្នុងមួយគីឡូក្រាម ពីជ្រូកសាច់រស់ក្នុងស្រុក ។ ចំពោះតម្លៃសាច់ ជ្រូកនៅលើទីផ្សារបានប្រែប្រួល ចន្លោះពី ២៣ ៥០០រៀល ទៅ ២៦ ៣០០រៀលក្នុងមួយគីឡូក្រាម៕

To Top