ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា សត្វក្រៀល ជាប្រភេទសត្វកម្រ ត្រូវបានរកឃើញថា មាននិន្នាការធ្លាក់ចុះខ្លាំង ខណៈនៅកម្ពុជា ក៏មានចំនួនធ្លាក់ចុះដែរ ដែលត្រូវការឲ្យចូលរួមការពារ និងអភិរក្សប្រភេទ សត្វដ៏កម្រនេះ ។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា យោងតាមជំរឿនសត្វក្រៀល នៅចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០ សត្វក្រៀល ចំនួន១៩៤ក្បាល ត្រូវបានកត់ត្រានៅប្រមាណ ១០ទីតាំងខុសៗគ្នានៅកម្ពុជា ។
លោកបន្ដថា តាមទិន្នន័យសិក្សា ដោយអ្នកជំនាញ ចំនួនសត្វក្រៀល នៅលើពិភពលោក នាពេលបច្ចុប្បន្ននេះ មានចំនួនចន្លោះពី ១៣.០០០ ទៅ១៥.០០០ ក្បាលដែលកំពុងរស់នៅ ក្នុងប្រទេសឥណ្ឌា , អូស្ត្រាលី , វៀតណាម , ឡាវ និងកម្ពុជា ហើយសត្វក្រៀល មានវត្តមាននៅកម្ពុជា តាំងពីយូរលង់ណាស់ មកហើយ ។ បើសិនទៅបានទស្សនាប្រាសាទបាយ័ន នៅខេត្តសៀមរាប នឹងឃើញរូបចំលាក់សត្វក្រៀល ដែលត្រូវបានឆ្លាក់ ជាប់នឹងផ្ទាំងថ្ម ។ នៅក្នុងទ្វីបអាស៊ី សត្វក្រៀលគឺ ជានិមិត្តរូបនៃជោគវាសនាល្អ និងអាយុយឺនយូរ ។
ពួកវាក៏ត្រូវបានគេគិតថា ជានិមិត្តរូប នៃមនោសញ្ចេតនា ស្នេហាស្ម័គ្រស្មោះ ដោយយោងទៅតាមការភ្ជាប់ ចំណងមេត្រីភាព របស់ពួកវា ។ នៅក្នុងប្រទេសភូមា សត្វក្រៀល ត្រូវបានគេឃើញមានក្នុងពុទ្ធសាសនា។
លោកបញ្ជាក់ថា «ចំនួនសត្វក្រៀលត្រូវបានធ្លាក់ចុះ យ៉ាងច្រើន នាប៉ុន្មានឆ្នាំកន្លងមកនេះ ដោយសារតែអត្រា ស្លាប់កម្រិតខ្ពស់ និងអត្រាបង្កកំណើត មានកម្រិតទាបនៅឡើយ ។ ការធ្លាក់ចុះចំនួន សត្វក្រៀល នៅទូទាំងពិភពលោកនេះ គឺបណ្ដាលមកពីកត្តា គំរាមកំហែងផ្សេងៗដែលបង្កឡើងដោយមនុស្ស និងធម្មជាតិ ដូចជាការបាត់បង់តំបន់ដី សើមដែលជាទីជម្រក ដ៏សំខាន់របស់សត្វក្រៀល ការរំខាន់នៅតំបន់ពងកូន ដែលនាំឱ្យអាត្រាបង្កកំណើតទាប ការបំពុលដោយថ្នាំពុលកសិកម្ម ការថយចុះនូវវត្តមានចំណីអាហារ ការកែប្រែប្រព័ន្ធជលសាស្ត្រ ជំងឺឆ្លង ការយកស៊ុត ឬកូនសត្វក្រៀលពីសំបុកដើម្បីចញ្ចឹម ឬជួញដូរ ការសម្លាប់ដោយសត្វឆ្កែខាំ និងការប្រែប្រួលអាកាស ធាតុជាដើម»។
លោក បន្ថែមថា ក្រសួងបរិស្ថាន បាននិងកំពុងសហការជាមួយអង្គការដៃគូ ក្នុងការអភិរក្សសត្វក្រៀល និងទីជម្រករបស់ពួកវាដោយឧទ្យានុរក្ស តែងតែល្បាត នៅតំបន់ការពារធម្មជាតិ ដែលជាជម្រករបស់សត្វក្រៀល ការសិក្សាពីផលប៉ះពាល់ការ ប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងនិងដាក់តំបន់ដី សើមសំខាន់ៗជាតំបន់ការពារធម្មជាតិ និងធ្វើជំរឿន សត្វក្រៀល ជារៀងរាល់ឆ្នាំ ដើម្បីប្រមូល និងរក្សាទុកទិន្នន័យ ជាក់លាក់នៃចំនួនសត្វក្រៀល នៅប្រទេសកម្ពុជា ៕