ព័ត៌មានជាតិ

ពលរដ្ឋសំណូមពរ ទុកដី ដែលមេឃុំភ្នំលៀប ឈូសឆាយ លក់ឲ្យឈ្មួញ ជាទ្រព្យសម្បត្តិរដ្ឋវិញ

ភ្នំពេញ ៖ ប្រជាពលរដ្ឋជាង ១០០នាក់ បាននាំគ្នា ទៅដល់ទីតាំងដីអភិរក្ស ដែននេសាទតំបន់២ ចំណុច រហាលសន្ទូង ស្ថិតនៅភូមិកំបោរ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលលោក មេឃុំភ្នំលៀប បានយកគ្រឿងចក្រ ទៅឈូសឆាយដី កាលពីឆ្នាំ២០១៩ ទំហំដី ១២០ហិកតា លក់ឲ្យឈ្មួញ ។

សូមរំលឹកថា កាលពីពាក់កណ្តាលឆ្នាំ២០១៩ លោក អែម ណុយ មេឃុំភ្នំលៀប បានយកគ្រឿងចក្រ ទៅឈូសឆាយដីអភិរក្ស ដែននេសាទ តំបន់២ ចំណុចរហាលសន្ទូង ស្ថិតនៅក្នុងភូមិកំបោរ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ដីនោះបានចុះបញ្ជីសហគមន៍នេសាទ កំបោរ តាំងពីឆ្នាំ២០១៨មកម្លេះ ហើយមានអាជ្ញាធរ ដែនដី មានឃុំ ស្រុក ខេត្តទទួលស្គាល់ដែនអភិរក្សនេះ ដែលមានលេខយាមការត្រឹមត្រូវ ។

ក្នុងផែនទីសហគមន៍ ក៍មានលោក អែម ណុយ មេឃុំភ្នំលៀប និង លោក អភិបាលស្រុកព្រះនេត្រព្រះ ក៏បានចុះ ហត្ថលេខាទទួលស្គាល់ ផែនទីសហគមន៍ ដែលមានលេខយាមការកំណត់ដី សហគន៍នេសាទកំបោរនេះផងដែរ ។ ទើបតែនៅក្នុងពាក់កណ្តាលឆ្នាំ២០១៩ លោក អែម ណុយ បានយកគ្រឿងចក្រ ឈូសឆាយដីអភិរក្ស ដែននេ សាទ តំបន់២ អស់ទំហំ ១២០ ហិកតា បានលក់ឲ្យឈ្មួញ ដែលក្នុងលិខិត ចុះវាស់វែង និងកំណត់ហេតុ និងលិខិតបញ្ជាក់ ពាក្យសុំកាន់កាប់ដីធ្លី ត្រូវបានចុះហត្ថលេខា ដោយលោក មេឃុំភ្នំលៀប អែម ណុយ និង លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះទៀតផង ។

នៅថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ២០២១ មានប្រជាពលរដ្ឋជាង ១០០នាក់ មកជាច្រើនភូមិ ដូចជាៈ មកពីភូមិស្រែព្រៃ ឃុំសំបួរ ស្រុកមង្គលបូរី ភូមិកំបោរ ភូមិទ្រលោកលិច ទ្រលោកត្បូង ភូមិពាមកំពង់ក្រសាំង ស្ថិតនៅឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ទៅមើលទីកន្លែងដី ដែលលោកមេឃុំ បានឈូសឆាយ តាំងពីឆ្នាំ២០១៩ ហើយលក់ឲ្យឈ្មួញ ។ នៅលើដីនោះ មានព្រៃស្បាត ទើបលាស់ឡើងវិញ ហើយមានកកាយក្រវ៉ាត់ព្រំដី ទៀតផង ។

ប្រជាពលរដ្ឋ ជាអ្នកគាំទ្រ ជាសមាជិក គណបក្សប្រជាជនកម្ពុជា ដែលបានបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា គ្រប់អាណត្តិ បានសំណូមពរ សុំទុកដីនោះ ជាទ្រព្យសម្បត្តិ របស់រដ្ឋ ដើម្បីបំរើផលប្រយោជន៍ ជូនដល់ប្រជាពលរដ្ឋទូទៅ ដូចជានេសាទ កាប់អុស ហើយការពារដល់ជីវចំរុះ ព្រមទាំងមច្ចាជាតិ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top