Covid-19

ថវិកា ១០លានរៀល និងសម្ភារ បានដល់ដៃអ្នកចាក់វ៉ាក់សាំង លេខរៀងទី៦លាន ជាកសិកររស់នៅស្រុកចំការលើ

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានយកថវិកាឧបត្ថម្ភចំនួន១០លានរៀល និងសម្ភារមួយចំនួនទៀតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ប្រគល់ជូនអ្នកចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ លេខរៀងទី៦លាននាក់ គឺអ្នកស្រី ផេង សឿន អាយុ៦៧ឆ្នាំ ជាកសិកររស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។

សូមបញ្ជាក់ថា កាលពីថ្ងៃ១០ កុម្ភៈសម្រាប់ការចាក់វ៉ាក់សាំងកូវីដ-១៩ ម្ជុលទី១ បានចាក់ទៅលើលោក ហ៊ុន ម៉ាណែត ហើយថ្ងៃ១១ មេសា រកឃើញមនុស្សទី១លាននាក់ បានទៅលោក ប៉ាន់ សុវណ្ណរិទ្ធិ ។ ចំណែកថ្ងៃទី១៤ ឧសភា រកឃើញមនុស្សទី២លាន បានទៅអ្នកស្រី ទិត ចិន្តា ជាកម្មការិនីរោងចក្រ ។ ដោយឡែកថ្ងៃទី១៤ មិថុនា រកឃើញមនុស្សទី៣លាន គឺអ្នកស្រី ស៊ុ សំអឿន រស់នៅខេត្តកណ្ដាល ហើយថ្ងៃទី២៨ មិថុនា បានរកឃើញអ្នកទី៤លាន លោក សូ សយ រស់នៅខេត្តកោះកុង និងទី៥ លាន បានទៅ លោក ណុប មាន នាថ្ងៃទី១៣ កក្កដា នៅខេត្តឧត្តរមានជ័យ ហើយទី៦លាននេះ បានទៅលោកស្រី ផេង សឿន នាថ្ងៃទី១៩ កក្កដា នៅខេត្តកំពង់ចាម ។ គិតរហូតមកដល់ពេលនេះ សម្ដេចតេជោ ហ៊ុន សែន បានចំណាយថវិកា ៦០លានរៀលហើយ សម្រាប់ជូនពួកគាត់។

យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសចំនួន ៦,០៦១,៣០៥នាក់។ ដោយឡែក លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៦០.៦១% ហើយ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top