ភ្នំពេញ៖ ជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីប្លន់ ត្រូវបានកម្លាំងនគរបាលខេត្តប៉ៃលិនឃាត់ខ្លួន កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។ ប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់នោះ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន នៅចំណុចដីចំការជាប់អូរ ស្ថិតក្នុងភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

មន្ត្រីនគរបាលខេត្តប៉ៃលិន បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែកក្កដា នេះថា កាលពីវេលាម៉ោង១៨នឹង៣០នាទីល្ងាច នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ មានករណីកំហែងយក(ស្ទាក់ប្លន់បានសម្រេច) ០១លើក កម្លាំងជំនាញព្រហ្មទណ្ឌ ស្រុកសាលាក្រៅ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសាលាក្រៅ ចុះស៊ើបអង្កេតស្រាវជ្រាវស្វែង រកមុខសញ្ញា តាំងពីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ដោយមានការសង្ស័យ ពីកន្លែងលាក់ខ្លួន របស់ជនង្ស័យ កម្លាំងជំនាញ ក៏បានបែងចែកជា០២ក្រុមប្រតិបត្តិការ។


ប្រភពដដែលបន្តថា លុះដល់វេលាម៉ោង០៧នឹង៣០នាទីព្រឹក កម្លាំងជំនាញបានចុះបង្ក្រាបនៅចំណុច ចម្ការដំឡូងខាងកើត សៃឡូតាឡិ ក៏មានម៉ូតូ០១គ្រឿងជិះឆ្លងកាត់ ដោយមានការសង្ស័យក៏បានហៅសាកសួរ តែមិនឈប់ក៏បានជិៈរត់គេច ហើយកម្លាំងរបស់យើង បានជិះដេញតាម លុះមកដល់ចំណុចកើតហេតុ នៅវេលាម៉ោង០៧នឹង៤០នាទីព្រឹក ជនសង្ស័យក៏បានផ្ទុះអាវុធ មកលើកម្លាំងសមត្ថកិច្ចចំនួន០៥គ្រាប់ ហើយកម្លាំងយើងក៏បានបាញ់ តបតទៅវិញចំនួន០៧គ្រាប់ផងដែរ។


បន្ទាប់មកកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ក៏បានចុះមកជួយអន្តរាគមន៍ បង្ក្រាបបទល្មើសខាងលើ និងបានស្រាវជ្រាវ បន្តររហូតដល់វេលា ម៉ោង១៧និង០០នាទីរសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ក៏បានឃាត់ខ្លួនសង្ស័យបន្ថែមចំនួន០៥នាក់។

ជនសង្ស័យទី១-ឈ្មោះ វ៉ៃ អិ ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន, ទី២-ឈ្មោះ ស្រស់ វណ្ណនេត ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិទួល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន, ទី៣-ឈ្មោះ បុល រ័ត្ន ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន, ទី៤-ឈ្មោះ យឿន ឈួន ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិទំនប់ ឃុំស្ទឹងត្រង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងទី៥-ឈ្មោះ ទួន ស្រីយ៉ា ភេទស្រី អាយុ២៩ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិទួល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

វត្ថុតាងដកហូតរួមមាន៖ អាវុធខ្លីកែច្នៃចំនួន ០១ដើម, អាវុធវែងកែច្នៃប្រើខ្យល់ចំនួន០១ដើម ,កាំបិតខ្លីចំនួន០១ដើម, គ្រាប់កាំភ្លើងAK ចំនួន ០៧គ្រាប់។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានឃាត់ខ្លួន និងរក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលស្រុកសាលាក្រៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕



