ព័ត៌មានជាតិ

លោក សយ សុភាព ៖ ពលរដ្ឋខ្មែរនៅក្រៅប្រទេស កុំចាញ់បោក ការអំពាវនាវ បោកប្រាស់ របស់ សម រង្ស៊ី ឲ្យបង្កើតរដ្ឋាភិបាល បង្រួបបង្រួមជាតិ (Video)

ភ្នំពេញ ៖ ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន លោក សយ សុភាព បានផ្ញើសារទៅដល់ពលរដ្ឋក៏ដូចជាពលករខ្មែរ នៅក្រៅប្រទេសថា កុំចាញ់បោកការអំពាវនាវបោកប្រាស់របស់លោក សម រង្ស៊ីដែលបានអំពាវនាវឲ្យចូលរួមបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ ឲ្យដូចទៅនឹងប្រទេសភូមា ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននាថ្ងៃ១៧ កក្កដា លោក សម រង្ស៊ី បានអំពាវនាវឲ្យពលរដ្ឋកម្ពុជា ចាប់ផ្តើមគិតគូរបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិនៅកម្ពុជា ដោយយកតាមគំរូប្រទេសភូមា ដើម្បីទាមទារឲ្យសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាប្រគល់អំណាចជូនពលរដ្ឋ ។

ដោយឃើញការអំពាវនាវរបស់លោកសម រង្ស៊ីបែបនេះ នាថ្ងៃ២០ កក្កដា នេះលោក សយ សុភាពបានលើកឡើងថា ការពិតនៅពេលអតីតមេដឹកនាំបក្សប្រឆាំង អំពាវនាវឲ្យមានរដ្ឋាភិបាលរួបរួមជាតិ នៅកម្ពុជាដែលយកលំនាំតាមក្រុមប្រឆាំងនៅភូមានេះ ចាត់ទុកជា ទង្វើខុសច្បាប់ផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញទាំងស្រុង។

លោកថា សាធារណជនត្រូវយល់ថា នេះហើយភូមិសាស្ត្រនយោបាយ និងមហិច្ឆតានយោបាយរបស់មហាអំណាច ជាពិសេសក្រុមប្រទេសដឹកនាំដោយអាមេរិក និងសម្ព័ន្ធមិត្តរបស់គេដែលក្នុងនោះ ប្រទេសខ្លះ ធ្លាប់ត្រួតកម្ពុជាបាន តែឥឡូវឈប់មានឥទ្ធិពលហើយ សាបរលាបបន្តិចម្តងៗ ដូចសម័យកាលសៀមសាបរលាប ក្រោយបារាំង មកដល់ខ្មែរអីចឹង ។

លោក សយ សុភាពបញ្ជាក់ថា «ខ្ញុំសុំអំពាវនាវបងប្អូនខ្មែរយើងនៅក្រៅប្រទេស ជាពិសេសពលកររបស់យើងនៅក្រៅប្រទេស កុំចាញ់ការអំពាវបោកប្រាស់ក្រុមក្បត់ឲ្យសោះ ហើយត្រូវចាត់វិធានការទប់ស្កាត់ឲ្យបាននៅតំបន់ខ្សែស្របទី១៣ និង១៤ ខានតែបាន ដោយចាប់ពីតំបន់ជួរភ្នំដងរែក រហូតដល់កន្ទុយនាគ និងកុំមើលស្រាលឲ្យសោះថា មិនអាចកើតមាន (សុំមើលប្រវត្តិសាស្រ្តកន្លងមក) ដូច្នេះត្រូវថែរក្សាឲ្យបាននាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ និងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលជាខឿនឯករាជ្យ ដ៏រឹងមាំរបស់ខ្មែរ»

បន្ថែមពីលើចំពោះតំបន់ខ្សែស្របទី១៣ ឬ១៤ ត្រូវលោក សយ សុភាពសង្កត់ធ្ងន់ថា ជាតំបន់ដែលអាចឲ្យរដ្ឋាភិបាលនិរទេស យកធ្វើជាមូលដ្ឋាន វាយរដ្ឋាភិបាលស្របច្បាប់ ។

ចំពោះភូមិសាស្រ្តនយោបាយនេះ លោកអះអាងថា លោកធ្លាប់និយាយកាលពី៤ឆ្នាំមុនថា អាមេរិក និងចិន ប្រកួតប្រជែងដណ្តើមឥទ្ធិពលគ្នាក្នុងតំបន់(ប្រ៊ី និងឥណ្ឌូប៉ាស៊ីហ្វិក) ហើយមហាអំណាចទាំង២នេះ ប្រកួតឥទ្ធិពលគ្នា នៅក្នុងទឹកដីកម្ពុជា ដោយក្នុងនោះ អាមេរិកនឹងរករឿងចិន ខ្មែរ នៅតំបន់កំពង់ផែរាម តារាសាគរកោះកុង និងតំបន់ដែលចិនវិនិយោគ ទន្លេសាប ទន្លេមេគង្គ និងបញ្ហាមួយចំនួនទៀត រួម បញ្ហាជនភាសខ្លួនរ៉ូហ៊ីយ៉ា នៅទន្លេសាបផងដែរ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top