បរទេស៖ អតីតមន្ត្រីនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA បាននិយាយថា វាទំនងជាកូរ៉េខាងជើងបានធ្វើការផលិតបាននូវសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់រួចកម្រិតខ្ពស់ចំនួន៥៤០ គីឡូក្រាម នៅមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រនុយក្លេអ៊ែ Yongbyon នៅត្រឹមចុងឆ្នាំ២០២០។
លោក Olli Heinonen ជាអតីតអគ្គនាយករងនៃទីភ្នាក់ងារ បានមានប្រសាសន៍នៅក្នុងបទវិភាគមួយ ដែលចេញផ្សាយថ្មីៗនេះលើគេហទំព័រ 38 North ថា ការផលិតសារធាតុអ៊ុយរ៉ានីញ៉ូមលំដាប់ថ្នាក់អាវុធនេះ បានក្លាយជាមូលដ្ឋានគ្រឹះនៃសមត្ថភាពកូរ៉េខាងជើង ក្នុងការផលិតវត្ថុធាតុសម្រាប់អាវុធនុយក្លេអ៊ែ។
តាមសេចក្តីរាយការណ៍ លោក Olli Heinonen បានថ្លែងថា រោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមកូរ៉េខាងជើង នៅមជ្ឈមណ្ឌល Yongbyon នោះ គឺត្រូវបានបង្កើតដំបូងនៅក្នុងឆ្នាំ២០១០ ដែលបន្ទាប់មកបានធ្វើការពង្រីកពីក្នុងឆ្នាំ២០១៣ដល់ឆ្នាំ២០១៤ ដោយបង្កើនបន្តិចម្តងៗនូវសមត្ថភាពផលិត ស្របពេលដែលដំឡើងហេដ្ឋារចនាសម្ព័ន្ធដ៏ចាំបាច់ដំណើរការ។
អ្នកវិភាគរូបនេះបានបន្តទៀតថា ប្រទេសកូរ៉េខាងជើង បានចាប់ផ្តើមបង្កើតកន្លែងចម្រាញ់ដ៏ធំមួយ ក្រោយមន្ត្រីត្រួតពិនិត្យរបស់ទីភ្នាក់ងារ IAEA ត្រូវបានបណ្ដេញចេញពីមជ្ឈមណ្ឌល Yongbyon នៅក្នុងខែមេសា ឆ្នាំ២០០៩ ហើយបន្ទាប់ពីឆ្នាំ២០០៩មក ទីក្រុងព្យុងយ៉ាងបានបន្តពង្រីកទីតាំងផលិតនោះបន្ថែមទៀត៕
ប្រែសម្រួល៖ប៉ាង កុង