ភ្នំពេញ ៖ មជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានប្រកាសឲ្យដឹងថា នៅក្នុងប្រទេសកម្ពុជា មានវត្តមានមេអំបៅខ្មោចចំនួន ៨៤៩ប្រភេទ ។
យោងតាមហ្វេសប៊ុក មជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) នៅថ្ងៃទី២០ កក្កដានេះ បានបញ្ជាក់ថា «ថ្ងៃនេះមិនគ្រាន់ តែជាសប្តាហ៍ធម្មតានោះទេ ។ តើដោយសារមូលហេតុអ្វី? ដោយសារតែចាប់ពីថ្ងៃទី១៧ ខែកក្កដាមក សប្តាហ៍ជាតិ នៃមេអំបៅខ្មោច ក៏បានឈានចូលមកដល់ ។ ដូច្នេះហើយ នៅឯមជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) យើងមានបំណងអបអរ ចំពោះមេអំបៅខ្មោចចំនួន ៨៤៩ប្រភេទ ដែលមានវត្តមាន នៅប្រទេសកម្ពុជា» ។
ACCB បន្តថា លោក អូយេន រ៉ូដ្រីហ្គេ (Oyen Rodriguez) ជាអ្នកថតរូប និងផលិតភាពយន្ត ដើម្បីចងក្រងឯកសារអំពីមេអំបៅខ្មោចនៅ ACCB។ មេអំបៅធម្មតា និងមេអំបៅខ្មោច ពួកវាស្ថិតនៅក្នុងលំដាប់ថ្នាក់សត្វល្អិត ដែលមានក្រឡាស្លាបរាង ដូចស្រកា (Lepidoptera- meaning scale wing)។ យ៉ាងណាក៏ដោយ មនុស្សជាច្រើននៅជុំវិញ ពិភពលោក ចាប់អារម្មណ៍តែចំពោះមេអំបៅធម្មតា ហើយខ្លាចមេអំបៅខ្មោចទៅវិញ ។ មេអំបៅធម្មតា និងមេអំបៅខ្មោច មានតួនាទីសំខាន់ដូចគ្នា នៅក្នុងស្ថានប្រព័ន្ធ។
ដោយមេអំបៅខ្មោចមានច្រើន ប្រភេទលើសលប់ជាងមេអំបៅធម្មតា (រាប់តាមលំដាប់ថ្នាក់ មានរហូតដល់ទៅ ៨៩-៩៤%) ពួកវាសមនឹងទទួលបានការ ស្រលាញ់ពេញចិត្តពីមនុស្សដូចគ្នា ។
មេអំបៅខ្មោចត្រូវបានគេ ទទួលស្គាល់ថា ជាភ្នាក់ងារដំណើរលំអង ដ៏មានសារៈសំខាន់ និង ជាប្រភពប្រូតេអ៊ីន ដែលមានប្រយោជន៍ ចំពោះសត្វជាច្រើនដូចជា ថលជលិក (សន្ដានកង្កែប) សន្ដានប្រចៀវ និងបក្សីសត្វ។
ការសិក្សាមួយបានបង្ហាញថា បក្សីមួយក្បាលស៊ីដង្កូវមេអំបៅខ្មោច រហូតដល់ទៅហាសិបពាន់លាន (៥០,០០០,០០០,០០០) ក្បាលក្នុងមួយឆ្នាំ។ ខណៈទីជម្រក របស់វាមានការរេចរឹល ការប្រើប្រាស់ថ្នាំសំលាប់សត្វល្អិត និងការប្រែប្រួលអាកាសធាតុ ។ នេះជាការគំរាមកំហែង ដ៏ចម្បង ចំពោះចំនួន មេអំបៅខ្មោច ទាំងនោះ ។ ការប្រើប្រាស់អំពូល អគ្គិសនីសិប្បនិម្មិតពេលយប់ កំពុងរួមចំណែកដល់ការ រុះរោយលំអង ។ អំពូលអគ្គិសនី តាមដងផ្លូវ ទាក់ទាញមេអំបៅខ្មោច ពន្យារពេលរបស់ពួកវា កាត់បន្ថយពេលស្វែងរកចំណី ស៊ីចំណី និងការធ្វើដំណើរលំអង។ បញ្ហានេះអាចជះឥទ្ធិពលមិនល្អ ដល់ប្រភេទមេអំបៅខ្មោច នាពេលអនាគត ។
ដោយសារមេអំបៅខ្មោច ត្រូវបាន គេរកឃើញនៅ តាមទីជម្រកផ្សេងៗគ្នា ជាច្រើន ពួកវាបានក្លាយ ជាប្រភេទសត្វល្អិត ដ៏មានសារៈសំខាន់ ចំពោះសូចនាករស្រាវជ្រាវ ដោយសារតែភាពប្រែប្រួល របស់វាទៅ នឹងការផ្លាស់ប្តូរបរិស្ថាន ៕