ព័ត៌មានជាតិ

អភិបាលរាជធានី បញ្ជាអាជ្ញាធរ និងកងកម្លាំង ត្រូវ​យកចិត្តទុកដាក់ខ្ពស់ ការព្យាបាលតាមផ្ទះ ឱ្យពលរដ្ឋមានទំនុកចិត្ត

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធនិងមន្ត្រី កងកម្លាំងទាំងអស់ ត្រូវតែយកចិត្តទុកដាក់ ឱ្យបានខ្ពស់បំផុត ចំពោះការព្យាបាលតាមផ្ទះ ដើម្បីឱ្យប្រជាពលរដ្ឋ កាន់តែមានទំនុកចិត្ត ជឿមកលើក្រុមគ្រូពេទ្យ និងអាជ្ញាធរ ដែលស្ម័គ្រចិត្តព្យាបាល​តាមផ្ទះ​ កាន់តែច្រើន។

នេះជាអ្វីដែលលោក​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លើកឡើងក្នុងកិច្ចប្រជុំ​ គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ ជុំវិញការត្រួតពិនិត្យការផ្តល់ ការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះតាមរយៈ Video Conference​ នាល្ងាច ថ្ងៃទី២០ កក្កដា ២០២១នេះ នៅសាលារាជធានីភ្នំពេញ ។

លោក ឃួង ស្រេង មានប្រសាសន៍ថា ការព្យាបាលតាមផ្ទះ ជាជំរើសដ៏ល្អ ហើយត្រូវបានប្រជាពលរដ្ឋស្ម័គ្រចិត្ត ចូលរួមក្នុងការព្យាបាល តាមផ្ទះនេះកាន់តែច្រើនឡើង។ ដូច្នេះអ្វីដែលត្រូវអនុវត្តនោះ គឺអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធនិងមន្ត្រី កងកម្លាំងទាំងអស់ ត្រូវតែយកចិត្តទុកដាក់ អោយបានខ្ពស់បំផុត ចំពោះការព្យាបាល តាមផ្ទះនេះ ដើម្បីឱ្យប្រជាពលរដ្ឋ កាន់តែមានទំនុកចិត្ត ជឿមកលើក្រុមគ្រូពេទ្យ និងអាជ្ញាធររបស់យើង។

ផ្ទាំងពាណិជ្ជកម្ម

លោក​ ឃួង ស្រេង បញ្ជាក់​ថា “ចំពោះខណ្ឌនីមួយៗ ត្រូវបង្កើតឲ្យមានទីបញ្ជាការស្រាល ១កន្លែងក្នុងមួយខណ្ឌ ដើម្បីប្រចាំបញ្ជាជួយអន្តរាគមន៍ ប្រជាពលរដ្ឋ ពេលមានបញ្ហាអ្វីមួយ ហើយប្រធានការិយាល័យ សុខាភិបាល ស្រុកប្រតិបត្តិ (OD) ក៏ត្រូវតែនៅក្នុងទីបញ្ជាការស្រាលនេះដែរ ពោលគឺនៅពេលមានបញ្ហាអ្វី យើងអាចជួយសូវ៉េ បានទាន់ពេលវេលា មិនគ្រោះថ្នាក់ដល់អាយុជីវិត” ។

ចំពោះអ្នកដែលពិនិត្យរកឃើញ មានវិជ្ជមានជំងឺកូវីដ-១៩ និងបានសម្រេចចិត្តព្យាបាល​ នៅតាមផ្ទះហើយ តែបែជាល្មើសនិងច្បាប់ ដោយលួចចេញមកខាងក្រៅ និងបានចម្លងដល់អ្នកដទៃ ថែមទៀតនោះ អ្នកនោះ ក្រោយពីព្យាបាលជំងឺ ជាសះស្បើយហើយ នឹងចាប់មកទទួលទោស​ទៅតាមផ្លូវច្បាប់ធ្ងន់ធ្ងរ ដោយមិនមានការលើកលែងឡើយ​។

ក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាលរាជធានីភ្នំពេញ ក៏បានជំរុញឱ្យមន្ទីរទេសចរណ៍​ និងអាជ្ញាធរខណ្ឌ បន្តចុះត្រួតពិនិត្យ រឹតបន្តឹងការគ្រប់គ្រងការជួបជុំ ការលួចបើក ទីតាំងម៉ាស្សា KTV និងកន្លែងសប្បាយភាពផ្សេងៗទៀតផងដែរ៕

To Top