ព័ត៌មានជាតិ

ក្រសួងសាធារណការ គ្មានសិទ្ធិកែច្បាប់ ក្រោយតំណាងដឹកជញ្ជូន ស្នើសុំ​ ដំណោះស្រាយ៣ចំណុច (Video)

ភ្នំពេញ ៖ បន្ទាប់ពីតំណាងដឹកជញ្ជូន នាំគ្នាតវ៉ា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ត្រង់ចំណុចផ្លូវក្រវ៉ាត់ក្រុងទី២ ព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាលចំនួន៣ចំណុចដែលត្អូញត្អែពីផលលំបាករបស់ពួកគេនោះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឆ្លើយតបវិញថា ក្រសួងគ្មានសិទ្ធិកែច្បាប់របស់កម្ពុជាឡើយ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី មានតែស្នើឲ្យម្ចាស់យានយន្ដទាំងអស់ ត្រូវនាំចូលរួមអនុវត្តច្បាប់ចរាចរណ៍ ជៀសវាងការឃាត់ទុកមួយឆ្នាំ ។

កាលពីថ្ងៃ២០ កក្កដា ក្រុមអ្នកបើកឡានដឹកដី ដឹកខ្សាច់ ដឹកថ្មជាង៣០០នាក់នាំគ្នាតវ៉ា ដោយតំណាងយានយន្តដឹកជញ្ជូន៥រូប បានស្នើសុំដំណោះស្រាយ៣ចំណុចដែលខុសពីច្បាប់ និងឯកសារគតិយុត្តិ ។ ចំណុច៣នោះរួមមាន៖ ទី១-ស្នើសុំផ្ទុកទម្ងន់សរុបដល់៥៥តោន(បន្ថែម១៥តោន) ចំពោះប្រភេទយានយន្តភ្លៅ៥ (V1) ដែលក្នុងច្បាប់កំណត់ត្រឹមតែ៤០តោន ។ ចំពោះប្រភេទយានយន្តភ្លៅ៤ ក្នុងច្បាប់កំណត់ត្រឹមតែ៣០តោន ស្នើសុំផ្ទុកទម្ងន់សរុបដល់៣៥តោន (បន្ថែម៥តោន) ។ ចំពោះប្រភេទយានយន្តភ្លៅ៣ក្នុងច្បាប់កំណត់ត្រឹមតែ២៥តោន និងស្នើសុំផ្ទុកទម្ងន់សរុបដល់៣៤តោន (បន្ថែម៩តោន) ។ ចំពោះប្រភេទយានយន្តភ្លៅ២ក្នុងច្បាប់កំណត់ត្រឹមតែ១៦តោន , ទី២- ស្នើសុំត្រឹមកុំឲ្យមានឃាត់យានយន្តចំនួនមួយឆ្នាំដោយសុំត្រឹមតែពិន័យជាថវិកា និងទី៣- ស្នើសុំដោះលែងយានយន្តទាំងឡាយណាដែលកំពុងឃាត់ទុកមួយឆ្នាំឲ្យចរាចរណ៍ដឹកជញ្ជូនបាន ។

ក្នុងពិធីបើកដំណើរការជាផ្លូវការ មណ្ឌលផ្តល់សេវាសាធារណៈ របស់ក្រសួងសាធារណការ នៅផ្សារទំនើប ហេរីថោក វ៉ក ក្នុងខេត្តសៀមរាប នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានអំពាវនាវពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ជាពិសេសកុំឲ្យផ្លូវឆាប់ខូច ។

លោកបញ្ជាក់ថា «មន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានពិភាក្សាណែនាំពន្យល់ ក្រែងអ្នកបើកបរមិនយល់អំពីច្បាប់។ ខ្ញុំថា បើ២០តោន ច្បាប់លើសតែ២០ភាគរយ គឺផាកពិន័យ និងឃាត់ទុកមួយឆ្នាំ ដូច្នេះ ខ្ញុំអត់មានសិទ្ធិទេ ។ ស៊ុនចាន់ ថុល អត់មានសិទ្ធិរំលោភច្បាប់ទេ។ ចឹងដឹក២៥តោន លើស២០ភាគរយបាត់ ចឹងខ្ញុំគ្មានសិទ្ធិឯណា ។ ច្បាប់ដែលមានឯកភាពីគណៈរដ្ឋមន្ដ្រីដែលបញ្ជូនទៅរដ្ឋសភា អនុម័ត បញ្ជូនទៅព្រឹទ្ធសភា ឡាយព្រះហស្តលេខា ប្រើប្រាស់ជាផ្លូវការដោយព្រះមហាក្សត្រ ។ តើខ្ញុំនេះ ឬក្រុមការងារមានសិទ្ធិឯណា»។

លោកអះអាងថា ច្បាប់គឺច្បាប់ គ្មានការអនុគ្រោះឡើយ ហើយក្រសួងក៏ត្រូវអនុវត្តច្បាប់ចំពោះអ្នកបើកបរណាមិនគោរពច្បាប់ ។លោកថា ច្បាប់បានកំណត់ហើយដឹកលើស ទម្ងន់លើស២០% ត្រូវផាកពិន័យ និងរក្សាទុករថយន្ដ១ឆ្នាំ ។

លោករដ្ឋមន្ដ្រីបន្ថែមថា «មិនមែនខ្ញុំ ស៊ុន ចាន់ថុល មិនមែនក្រុមការងារត្រួតពិនិត្យរថយន្ដដឹកទំនិញ លើសទម្ងន់កំណត់ដោយច្បាប់ ចង់ចាប់ ឡានទុកមួយឆ្នាំទេ ប៉ុន្ដែច្បាប់ចែងថា បើដឹកទំនិញលើស២០ភាគរយ ផាកពិន័យ ហើយឃាត់ឡាននោះទុកមួយឆ្នាំ អាហ្នឹងគឺច្បាប់ត្រង់មាត្រា៦០។ សូមអ្នកដឹកទំនិញធ្ងន់ៗ សូមអានច្បាប់ឲ្យច្បាស់ ហើយច្បាប់នឹងអនុវត្តគ្រប់ពេលវេលា»។

គួរបញ្ជាក់ថា គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានឃាត់យានយន្តដែលរក្សាទុកមួយឆ្នាំ ចំនួន១៧៣គ្រឿង ដោយអនុវត្តយ៉ាងតឹងរឹងបំផុត ដោយគ្មានការលើកលែងឡើយ តាមច្បាប់ស្តីពីផ្លូវថ្នល់មាត្រា៦០ និងសេចក្ដីជូនដំណឹង ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែម ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ដែលបើកបរលើបណ្តាញផ្លូវថ្នល់ ៕

To Top