Covid-19

ស្នងការនគរបាលខេត្តកោះកុង បញ្ជាក់ថា បុរសម្នាក់រិះគន់ថា «ចាក់វ៉ាក់សាំងជា គម្រោងប្លន់អាយុជីវិតប្រជាជន» គឺជាមនុស្សមាន សតិមិនប្រក្រតី

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានបកស្រាយបំភ្លឺជុំវិញ ករណីមានបុរសម្នាក់ដែល ជាម្ចាស់គណនេយ្យហ្វេសប៊ុកផេក ឈ្មោះស្លាបប៉ាកាទេវរាជ បង្ហោះរិះគន់ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដរបស់ចិន ជាការរៀបគម្រោងប្លន់អាយុជីវិតប្រជាជន និងថែមទាំងតាំងខ្លួនជាខ្សែលោហិតរាជវង្ស។ នេះបើយោងតាម អគ្គស្នងការនគរបាលជាតិ។

លោក គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បដិសេធទាំងស្រុងចំពោះការបង្ហោះរិះគន់ ជុំវិញបុគ្គលឈ្មោះ ផុន កុលចំរើន ដែលជាម្ចាស់ផេកហ្វេសប៊ុកឈ្មោះ ស្លាបប៉ាកាទេវរាជ លើសកម្មភាព របស់គេបានបង្ហោះរិះគន់ ដំណើរការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋដែលកំពុង មានតម្រូវការចង់បានខ្ពស់ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។

ដោយមានការបទបញ្ជាថ្នាក់ដឹកនាំ អគ្គស្នងការនគរបាលជាតិ និងកិច្ចសហការជួយពី នាយកដ្ឋានបង្រ្កាបបទល្មើសបច្ចេកវិទ្យា លោក គង់ មនោ ក៏បានណែនាំ ដល់កម្លាំងនគរបាល អធិការនគរបាលស្រុកស្រែអំបិល ចុះពិនិត្យស្រាវជ្រាវ រកអត្តសញ្ញាណជនសង្ស័យ។ បន្ទាប់ពីជនសង្ស័យឈ្មោះ កុលចំរើន អាយុ៣២ឆ្នាំ កាលពីវេលាម៉ោង ៩និង១៥នាទីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១បានបង្ហោះ និយាយរិះគន់ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល។

លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត លើឡើងថា បុគ្គលឈ្មោះ ផុន កុលចំរើន បង្ហោះរៀបរាប់ថា ចាក់វ៉ាក់សាំងរបស់ប្រទេសចិន មិនទាន់មានការទទួលស្គាល់ ដោយអង្គការសុខភាពពិភពលោក ការចាក់វ៉ាក់សាំងយកកាត គឺជាការរៀបគម្រោងប្លន់ អាយុជីវិតប្រជាជនខ្មែរ របស់រដ្ឋាភិបាលដែលដឹកនាំ ដោយសម្តេចតេជោ និងតាំងខ្លួនសែលោហិតរាជវង្សព្រះអង្គម្ចាស់ ស៊ី វុត្ថា ដែលជាបុត្រារបស់ព្រះអង្គឌួង ជាដើម។ បន្ថែមលើនេះ លោកស្នងការនគរបាល អំពាវនាវដល់មហាជនទាំងអស់ មេត្តាកុំបន្តចាញ់ បោកការបង់ថវិកាចូលតាម សំណេររបស់បុគ្គល កុលចំរើន ចំពោះវីដេអូរបស់គេ ដែលបានបង្ហោះតាមវេលុយ លេខកុងធនាគារ ABA ផេកហ្វេសប៊ុកមួយនេះ។

ដោយឡែកលោក ទិត្យ សុផា មុខរបរបើកកន្លែងព្យាបាលជំងឺទូទៅ រស់នៅឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ជាឪពុកបង្កើតរបស់ឈ្មោះ ផុន កុលចំរើន ម្ចាស់គណនេយ្យហ្វេសប៊ុក ផេន ឈ្មោះស្លាបប៉ាកកាទេវរាជ ក៏ចេញមុខដើម្បីសុំទោស ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសាធារណជនទូទៅ មេត្តាក្តីយោគយល់ អនុគ្រោះ ចំពោះទង្វើមិនគួរគាប់ របស់កូនដែលមានជំងឺប្រសាទប្រចាំកាយ។ ដូច្នេះកុំមានការភ័ន្តច្រឡំ ឬចាត់ទុកពាក្យសម្តីមិនគប្បីដែលឈ្មោះ កុលចំរើន រឿងផ្លូវការបន្តទៀត។

មូលហេតុដែលកូន របស់គាត់បង្ហោះយ៉ាងដូច្នេះ ព្រោះតែមានជំងឺប្រសាទ ប្រចាំកាយ សតិមិនគ្រប់គ្រាន់ ចាប់ពីតាំងប្រពន្ធ របស់លោកស្លាប់ចោល កាលពីឆ្នាំ២០១៥ ដោយក្រោយភរិយា លោកស្លាប់បាន៣ទៅ៤ខែឈ្មោះ ផុន កុលចំរើន ចេះតែនិយាយស្តីបែប ររើរវាយស្មារតី មិននឹងននិយាយ តែផ្តេសផ្តាសខុសធម្មតា។

បើតាមលោក ទិត្យ សុផា ដែលជាឪពុកបង្កើត របស់ម្ចាស់ហ្វេសប៊ុកស្លាបប៉ាកកាទេវរាជ បាននាំរូបគេ ទៅពិនិត្យធ្វើរោគវិនិច្ឆ័យសុខភាព ហើយគ្រូពេទ្យបានបញ្ជាក់ថា កូនរបស់គាត់ ពិតជាមានជំងឺសរសៃរប្រសាទ ប្រាកដមែន តម្រូវឱ្យព្យាបាល នៅមន្ទីរពេទ្យរុស្សី ប្រើប្រាស់ជាបន្តបន្ទាប់។

ក្រោយពេលអនុវត្តការ ថ្នាំលេបព្យាបាលអស់តាមចំនួន រូបលោកជាឪពុក និយាយលួងលោមកូន ដើម្បីទៅយកថ្នាំ បន្តពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ ក៏ប៉ុន្តែត្រូវអ្នកជំងឺគេចវេសមិនទៅ អំឡុងពេលនោះអារម្មណ៍របស់ កូនប្រុសគាត់ចេះតែនិយាយ គ្មានការពិចារណាពុំដឹងខុសត្រូវ។

ទាក់ទិននឹងការបង្ហោះហ្វេកប៊ុករិះគន់សារ ឬអធិប្បាយនានារយៈពេលចុងក្រោយនេះ បុគ្គលឈ្មោះ ផុន កុលចំរើន ពុំបានរួមរស់នៅជាមួយ ក្រុមគ្រួសារបងប្អូនឡើយ ព្រោះតែការមិនស្តាប់ ការអប់រំណែនាំរបស់ឪពុក និងកិច្ចសន្យាលើទី១ ជាមួយសមត្ថកិច្ចនគរបាល រូបគេក៏សុំចិត្តទៅធ្វើខ្ទមមួយ នៅកណ្តាលវាលស្រែ ដែលឆ្ងាយពីផ្ទះតែម្នាក់ឯង។

លុះ៦ថ្ងៃក្រោយ មកគិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ថ្មីៗនេះ កម្លាំងនគរបាលស្រុកស្រែអំបិល ចុះទៅដល់ផ្ទះរបស់បុគ្គលឈ្មោះ កុលចំរើន គឺជួបតែឪពុកទេ ចំណែកកូនគាត់បាត់ដំណឹងសូន្យឈឹង ទៅទីណាទេ ទោះឪពុកព្យាយាមទាក់ទង ទៅកូនស្រីរបស់លោកនៅឯភ្នំពេញ ក៏កូនស្រីនិយាយថា មិនបានឃើញរូបបងប្រុសដែរ។

ចំពោះមុខសមត្ថកិច្ចជំនាញ គឺលោក ទិត្យ សុផា បានសន្យាថានឹងខិតខំស្វែងរកកូនរបស់ខ្លួនឱ្យឃើញ ដើម្បីនាំយកមកផ្ទះវិញ ដោយសារកូន គាត់ម្នាក់នេះ មានសតិមិនប្រក្រតី ហើយឈប់ឱ្យគេប្រើទូរស័ព្ទ ស្មាតហ្វូនបន្តទៀត ព្រមទាំងប្រគល់ឱ្យ សមត្ថកិច្ចធ្វើកិច្ចសន្យា អប់រំណែនាំលើកទី២ ក្នុងករណីមិនគោរព កិច្ចសន្យាណែនាំទេនោះ នឹងអនុវត្តទៅតាមវិធានការច្បាប់ ៕

To Top