ព័ត៌មានជាតិ

សម្ដេច ស ខេង ណែនាំអភិបាលខេត្តកំពត រៀបចំពិធីប្រកាសបង្កើត និងដាក់ដំណើរការ រដ្ឋបាលក្រុងបូកគោ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំអភិបាលខេត្តកំពត រៀបចំពិធីប្រកាសបង្កើត និងដាក់ឲ្យដំណើរការ រដ្ឋបាលក្រុងបូកគោក ខេត្តកំពត ដោយត្រូវប្រកាន់ខ្ជាប់វិធានការ បង្ការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។

យោងតាមលិខិត របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ សម្ដេច ស ខេង បានថ្លែងថា «ដើម្បីមានមូលដ្ឋាន និងធានាឲ្យពិធីប្រកាសបង្កើត និងដាក់ឲ្យដំណើរការ រដ្ឋបាលក្រុងបូកគោ នៃខេត្តកំពត អាចដំណើរការបាន រួមទាំងការរៀបចំកិច្ចប្រជុំ ចូលកាន់តំណែង កិច្ចប្រជុំសាមញ្ញ លើកទី១ និងកិច្ចប្រជុំសាមញ្ញ លើកទី២របស់ក្រុមប្រឹក្សាក្រុងបូកគោ ទទួលបានជោគជ័យ ទាន់ពេលវេលា និងស្របទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តកំណត់ ក្រសួងសូមធ្វើការណែនាំ ការរៀបចំពិធីប្រកាសបង្កើត និងដាក់ឱ្យដំណើរការ នូវរដ្ឋបាលក្រុងបូកគោ នៃខេត្តកំពត ត្រូវរៀបចំធ្វើរួមគ្នាជា មួយកិច្ចប្រជុំចូល កាន់តំណែង ក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត» ។

សម្ដេចបន្ដថា បន្ទាប់ពីកិច្ចប្រជុំចូលកាន់តំណែងរួចហើយ ក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ត្រូវដំណើរការរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១ និងកិច្ចប្រជុំសាមញ្ញលើកទី២របស់ខ្លួន ។ សម្ដេចបន្ដថា ពិធីប្រកាសបង្កើត និងដាក់ឲ្យដំណើរការ នូវរដ្ឋបាលក្រុងបូកគោ នៃខេត្តកំពត រួមទាំង កិច្ចប្រជុំចូលកាន់តំណែង ក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ត្រូវដំណើរការតាមកម្មវិធី និងត្រូវអញ្ជើញសមាសភាព សមាជិក និងភ្ញៀវចូលរួម ៕

To Top