ព័ត៌មានជាតិ

សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បន្តចែកអំណោយជូន អ្នកកាសែត ដែលជួបការលំបាក (Video)

ភ្នំពេញ៖ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (សសកច-CCJA) នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានបន្តរៀបចំពិធីចែកអំណោយ ជូនដល់អ្នក​សារ​ព័ត៌​មានកម្ពុជា ដែលជួបប្រទះ កង្វះខាតជីវភាពចំនួន ៣៥នាក់ ក្នុងអំឡុងពេលប្រឈមនឹង ការរាតត្បាតជម្ងឺកូវីដ១៩ នៅប្រទេសកម្ពុជា ក្នុងទីស្នាក់ការកណ្តាល សសកច អគារ សមាគមសម្ព័ន្ឋខ្មែរចិន នៅកម្ពុជា បុរីរុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោក សយ សុភាព សហប្រធានភាគីកម្ពុជា នៃសសកច បានថ្លែងទៅកាន់អង្គពិធី ដោយបានសាកសួរសុខទុក្ខ ដល់បងប្អូនអ្នកសារព័ត៌មាន ដែលមានវត្តមាន នាឱកាសនេះ។ លោកបានបន្ថែមថា ទោះបីជាអំណោយចែកជូន នៅគ្រានេះ ទោះមិនមានចំនួនច្រើនក្តី ប៉ុន្តែវាបានរួមចំណែកជួយ ការលំបាកខ្លះៗ ដល់​បង​ប្អូន​អ្នក​សារព័ត៌មានយើង ក្នុងអំឡុងពេលនេះ។

លោកបន្ថែមថា “ខ្ញុំនឹងបន្តខិតខំជាមួយ ថ្នាក់ដឹកនាំសសកច ទាំងអស់ ដើម្បីស្វែងរកជំនួយបន្ថែម សម្រាប់ចែកជូនដល់បងប្អូន អ្នកសារព័ត៌មានជាបន្តទៅទៀត តាម​លទ្ធភាពដែលអាចធ្វើទៅបាន”។

លោក លីវ ស៊ាវគ័ង សហប្រធានភាគីចិន បានថ្លែងចាប់អារម្មណ៍ផងដែរថា ការចែកជូននាពេលនេះ គឺទៅតាមធនធានដែលសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន ស្នើសុំជំនួយពីសប្បុរសជននានា ដែលបានឧបត្ថម្ភដល់ដំណើរការនាពេលនេះ។ លោក ក៏បានបេ្តជ្ញាខិតខំប្រឹងប្រែងបន្ថែមទៀត នៅក្នុងការស្វែងរកមូលនិធិ ដើម្បីចែកជូនដល់បងប្អូនអ្នកសារព័ត៌មានខ្មែរ ឱ្យបានកាន់តែច្រើនថែម ទៀតនាពេលអនាគត។

លោក ក៏បានក្រើនរំលឹកដល់បងប្អូនអ្នកសារព័ត៌មាន ថែរក្សាសុខភាព និង ចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ជាមួយក្រសួងសុខាភិបាល ជាពិ​សេស​វិធាន​ការ ៣កុំ ៣ការពារ។

សសកច បានចែកអំណោយជូនអ្នកកាសែត ទាំងបីលើក មានចំនួនសរុប ១០០នាក់ ក្នុងនោះ កាលពីថ្ងៃសុក្រទី១៦ ខែកក្កដា ចំនួន៣២នាក់ និងថ្ងៃចន្ទ ទី១៩ ខែកក្កដា ចំនួន ៣៣នាក់។

សសកច សូមថ្លែងអំណរគុណ ដល់សប្បុរសជននានា ដែលបានឧបត្ថម្ភគាំទ្រ ចំពោះសកម្មភាពមនុស្សធម៌ នាពេលនេះ៕

To Top