ព័ត៌មានជាតិ

លោក តាន់ វុទ្ធា ៖ ភ្លើងបដិវត្តន៍ពណ៌ តំបន់អាស៊ីអាគ្នេយ៍ ផ្តើមឆេះពីភូមា ចូលថៃ រួចបន្តមកកម្ពុជា

ភ្នំពេញ ៖ លោក តាន់ វុទ្ធាទី ប្រឹក្សាសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិន បានថ្លែងថា ភ្លើងបដិវត្តន៍ពណ៌ តំបន់អាស៊ីអាគ្នេយ៍ ចាប់ផ្តើមឆាបឆេះចេញ ពីប្រទេសភូមា ចូលមកថៃ រួចហើយក៏បន្តដំណើរមកកម្ពុជា ។

លោក តាន់ វុទ្ធា បានហៅភ្លើងបដិវត្តន៍ ពណ៌តំបន់អាស៊ីអាគ្នេយ៍នេះថា ជាការរៀបចំយ៉ាងម៉ត់ចត់ និង ជាក់លាក់របស់អាមេរិក ។

តាមរយៈបណ្តាញ សង្គមហ្វេសប៊ុក នាថ្ងៃ២២ កក្កដា លោក តាន់ វុទ្ធា បានថ្លែងថា “សូមប្រយ័ត្ន!!! សូមជួយការពារសន្តិភាពជាតិយើង!!! ភ្លើងបដិវត្តន៍ពណ៌តំបន់អាស៊ី អាគ្នេយ៍ផ្តើមឆេះពីភូមា ចូលមកថៃ រួចហើយបន្តដំណើរមកកម្ពុជា ព្រោះនេះជាសេណារីយ៉ូ នៃវិថីឆ្ពោះទៅ រកអំណាចរបស់ពួកប្រឆាំង ដែលបិសាចមេឈ្មួញសង្រ្គាម ចក្រពត្តិនិយមអាមេរិកាំង បានរៀបចំយ៉ាងម៉ត់ចត់ សំរាប់ពួកបរិវារ របស់គេ” ។

សូមបញ្ជាក់ថា បច្ចុប្បន្នសភាពការណ៍ នៅក្នុងប្រទេសភូមា ឬមីយ៉ាន់ម៉ា និងប្រទេសថៃមិនខុសគ្នា ប៉ុន្មាននោះទេ ដោយមានពលរដ្ឋ បានចេញមកតវ៉ា ដោយមិនពេញចិត្ត ចំពោះថ្នាក់ដឹកនាំប្រទេស របស់ពួកគេ ។

ក្នុងនោះចំពោះភូមា ចាប់តាំងពីរបបយោធា បានផ្តួលរំលំ លោកស្រី អ៊ុងសានស៊ូជី រដ្ឋាភិបាលជាប់ឆ្នោតមីយ៉ាន់ម៉ា តាមបែបប្រជាធិបតេយ្យ កាលពីថ្ងៃ១ កុម្ភៈរហូតមកទល់ពេលនេះ មានរយៈពេលជាង ៥ខែហើយ មានមនុស្សជាង ៨០០នាក់ត្រូវបានសម្លាប់ និងមនុស្ស ៦០០០នាក់ត្រូវបានឃុំខ្លួន ។
សម្រាប់ថៃវិញ ហ្វូងមនុស្សដ៏ច្រើនកុះករ បាននាំគ្នាធ្វើបាតុកម្ម ដើម្បីដាក់សម្ពាធគណបក្ស ក្នុងការជំរុញឲ្យ លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា លាលែងពីតំណែង ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top