ព័ត៌មានជាតិ

លោក កុយ គួង៖ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ ដល់ពលករខ្មែរ នៅថៃ ឆ្លងជំងឺកូវីដ១៩

ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងការបរទេសខ្មែរ លោក កុយ គួង បានលើកឡើងថា គិតត្រឹមថ្ងៃនេះ មិនទាន់មានតួលេខផ្លូវការ ច្បាស់លាស់ អំពីចំនួនពលករខ្មែរ នៅប្រទេសថៃ ឆ្លងជំងឺកូវីដ១៩ នៅឡើយទេ ប៉ុន្តែទោះមិនទាន់ដឹង ផ្លូវការ យ៉ាងណាក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឲ្យភាគីពាក់ព័ន្ធទាំងនៅខ្មែរ និងថៃ យកចិត្តទុកដាក់លើពួកគេ ។

លោកថា ការយកចិត្តទុកដាក់នេះ គឺបានផ្តល់គ្រឿងឧបភោគបរិភោគ កន្លែងស្នាក់នៅ និងជួយឲ្យជំរុញឲ្យ បានចាក់វ៉ាក់សាំងជាដើម ។

ការថ្លែងរបស់លោក កុយ គួងនេះ ក្រោយពីវិទ្យុអាស៊ីសេរីកាលពីថ្ងៃ១៩ កក្កដា បាន ផ្សាយថា “ពលករខ្មែរឆ្លងជំងឺកូវីដ១៩ នៅប្រទេសថៃមួយចំនួន បន្តដង្ហោយហៅរដ្ឋាភិបាល ជួយសង្គ្រោះអាយុជីវិត” ។

លោក កុយ គួង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃ២២ កក្កដា យ៉ាងដូច្នេះ ថា “រាជរដ្ឋាភិបាលតាមរយៈក្រសួង ការបរទេស បានជំរុញស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជា នៅប្រទេសថៃឲ្យ បន្តសម្របសម្រួល ជាមួយអាជ្ញាធរថៃ ជាពិសេសក្រសួងការបរទេស ក្រសួងសុខាភិបាល ក្រសួងការងារថៃ និងមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ (CCSA) សុំអន្តរាគមន៍ ដើម្បីបន្តយកចិត្តទុកដាក់ ថែរក្សា ទទួលការចាក់វ៉ាក់សាំង និងព្យាបាលកូវីដ១៩ បើមានសភាពធ្ងន់ធ្ងរខ្លាំង ដូចជាការពន្លឿនការរកគ្រែ និងឡានពេទ្យមកទទួល ពលករខ្មែរដែលឆ្លងកូវីដ-១៩ ទៅព្យាបាលទាន់ពេលវេលា” ។

លោកបន្តថា ក្រសួងបានជំរុញឲ្យស្ថាន អគ្គកុងស៊ុលកម្ពុជា នៅទីនោះបន្តចុះសួរសុខទុក្ខ និងចែកអំណោយជាគ្រឿង ឧបភោគបរិភោគ ជូនពលករក្នុង ពេលមានការបិទខ្ទប់តាមលទ្ធភាព និង ស្ថានភាពជាក់ស្ដែង ដល់បងប្អូន ដែលជួបការលំបាកខ្លាំងបំផុត និងបន្ថែមទៅលើអ្វីដែលអាជ្ញាធរ និងនិយោជកបានជួយគាំពារ និងឧបត្ថម្ភរួចហើយដែរ ។ ជាពិសេសបន្តផ្សព្វផ្សាយ វិធានការនានា ដែលដាក់ចេញដោយបណ្ដាក្រសួង/ស្ថាប័ន នៃរាជរដ្ឋាភិបាលទាំងពីរកម្ពុជា និងថៃ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ព្រមទាំងផ្ដល់ការប្រឹក្សា ផ្ដល់កម្លាំងចិត្ត និងបន្តអំពាវនាវដល់បងប្អូនពលករខ្មែរ ឲ្យចូលរួមអនុវត្តវិធានការ ទាំងនេះដោយអត់ធ្មត់ និងខ្ជាប់ខ្ជួន ។

លោក កុយ គួង បន្ថែមថា លើសពីនេះក៏បានជំរុញ ឲ្យអគ្គកុងស៊ុលកម្ពុជា បន្តផ្សព្វផ្សាយការអប់រំអំពី ការថែទាំសុខភាពក្នុងអំឡុង ការផ្ទុះការរាតត្បាត ជំងឺកូវីដ-១៩ ដើម្បីឲ្យប្រយ័ត្នការពារ ថែរក្សាសុខភាពផ្ទាល់ខ្លួន ។ បន្តកិច្ចការជាប្រចាំផ្សេងទៀត របស់ស្ថានទូត និងស្ថានអគ្គកុងស៊ុលដូចជា៖ ការដោះស្រាយវិវាទការងារ, ការជួយពលករដែលកើតឧប្បទ្ទវហេតុ ក្នុងពេលធ្វើការ, ការជួយរកការងារថ្មីសម្រាប់ អ្នកបាត់បង់ការងារ, ការសម្រួលផ្ដល់ឯកសារចាំបាច់ផ្សេងៗ ។

សូមរំលឹកថា នៅក្នុងប្រទេសថៃ មានពលករជាង ៩ពាន់នាក់ បានឆ្លងកូវីដ១៩ ប៉ុន្តែពួកគាត់ថា ពុំសូវត្រូវបានយកចិត្តទុកដាក់ពីអាជ្ញាធរថៃ ស្របពេលដែលប្រទេសនេះ កំពុងជួបប្រទះរលកថ្មី នៃការឆ្លងរោគរាតត្បាតកូវីដ១៩ និងកូវីដបម្លែងថ្មីប្រភេទ Delta ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top