ព័ត៌មានជាតិ

បញ្ចប់ជាស្ថាពរ ក្នុងការស្តារយកភក់ និងសំរាម ចេញពីប្រឡាយលូ៥

ភ្នំពេញ ៖ ប្រឡាយលូ៥ដែលគេទទួលស្គាល់ថា ជាប្រឡាយដ៏សំខាន់មួយក្នុងការរំដោះទឹក ក្នុងមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ , ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ហើយទំលាក់ទៅប្រឡាយម័ល និងបន្តចុះទៅជើងឯក គិតមកដល់ពេលនេះ ការងារស្តារយកភក់ និងសំរាមចេញប្រឡាយ ត្រូវបានបញ្ចប់១០០ភាគរយហើយ ។

ក្នុងប្រតិបត្តិការនេះ ក្រុមការងារស្តារយកភក់ ចេញពីបាតប្រឡាយ បានចំនួន២១៣៧៥​ម៉ែត្រគូប , សំរាមនិងស្មៅបានចំនួន២២៥០ម៉ែត្រគូប ។ ការស្តាររួចហើយ នឹងធ្វើឲ្យចរន្តទឹកហូរយ៉ាងលឿន គ្មានការរំខាន ដោយអាចបញ្ជៀសបាននូវការលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋ ។

លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃ២២ កក្កដាថា ដោយមានការយកចិត្តទុក្ខដាក់ និងការចង្អុលណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយការស្តារប្រពន្ធ័បង្ហូរទឹក ជាពិសេសប្រឡាយមេ នៅរាជធានីភ្នំពេញ មន្ទីរសាធារណការរាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ បានធ្វើសកម្មភាពស្តារប្រឡាយលូ៥ យ៉ាងសកម្ម រហូតបានចប់រួចរាល់នាថ្ងៃ២១ កក្កដា ។

លោកថា ប្រឡាយលូ៥មានប្រវែងជាង១០០០ម៉ែត្រ ទទឹងទំហំពី១៥ទៅ៣០ម៉ែត្រ ចាប់ពីប្រឡាយលូប្រាំផ្លូវវេងស្រេងដល់ស្ថានីយបូមទឹកលូ៥ ។ ការដ្ឋាននេះ បានចាប់ផ្តើមស្តារដោយប្រើប្រាស់សាឡង់ កាលពីថ្ងៃទី១៩ មិថុនា ហើយបានបញ្ចប់១០០ភាគរយហើយ កាលល្ងាចថ្ងៃ២១ កក្កដា។

លោកថា នៅព្រឹកថ្ងៃ២២ កក្កដា នេះដែរ ក្រុមការងារបានចល័តកម្លាំង និងគ្រឿងចក្រ ពីការស្តារប្រឡាយលូ៥នេះ បន្តមកបង្ហើយ ការស្តារប្រឡាយបឹងទំពុនថែមទៀត​ ដែលនៅសល់១០០ម៉ែត្រទៀត នឹងសម្រុកឲ្យចប់ក្នុងរយៈពេល១សប្តាហ៍ទៀត ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top