ព័ត៌មានជាតិ

ប្រទះឃើញក្បាល ដងខ្លួនយក្ស និងព្រះសិរទេវតា ក្នុងពេលធ្វើកំណាយ បុរាណវិទ្យា

ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា ប្រទះឃើញក្បាល ដងខ្លួនយក្ស និងព្រះសិរទេវតា ក្នុងពេលធ្វើកំណាយបុរាណវិទ្យា និងជួសជុលខ្លោងទ្វារតាកាវ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា «ក្នុងរយៈពេល ៣សប្តាហ៍ នៃការធ្វើកំណាយ បុរាណវិទ្យាស្រាវជ្រាវ ដើម្បីធ្វើការជួសជុល ខ្លោងទ្វារតាកាវ និងចម្លាក់យក្ស និងទេវតាលើស្ពានហាល នៃខ្លោងទ្វារតាកាវ អាជ្ញាធរជាតិអប្សរា បានរកឃើញរូបចម្លាក់ និងបំណែកវត្ថុបុរាណមួយចំនួន»។

លោកស្រី គឹម សេងភក្តី មន្ត្រីផ្នែកបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា រៀបរាប់ថា បានរកឃើញក្បាលយក្សចំនួន៣នៅពេញល្អ ឯក្បាល៣ទៀត មានត្រឹមតែពាក់កណ្តាល។ ចំពោះ ដងខ្លួនអាសុរៈបានរកឃើញចំនួន៤។ រីឯ ព្រះសិរទេវតាបានរកឃើញចំនួន៣ ក្នុងនោះ ចំនួន២នៅពេញល្អ និង១ទៀត មានត្រឹមពាក់កណ្តាលស្មាដល់បបូរមាត់។

សូមបញ្ជាក់ថា ខ្លោងទ្វារតាកាវ ដែលស្ថិតនៅទិសខាងលិច នៃប្រាសាទបាយ័ន្ត ត្រូវបានបើកការដ្ឋាន ជួសជុល កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ៕

To Top