ខេត្តបន្ទាយមានជ័យ : លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងលើកទី២ ជូនព្រះតេជគុណ ព្រះសង្ឃ និងប្រជាពលរដ្ឋ នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ។

ការចុះពិនិត្យឯកឧត្តម អ៊ុ រាត្រី ក៏បានធ្វើការផ្ដាំផ្ញើនិងអំពាវនាវដល់ ប្រជាពលរដ្ឋគ្រប់រូប ព្រះសង្ឃគ្រប់អង្គទាំងអស់ដែលបានទទួលការចាក់វ៉ាក់សាំងលើកទី១ឬលើកទី២ក្ដី គឺត្រូវអនុវត្តតាមការណែនាំ របស់គ្រូពេទ្យរហូតដល់ថ្ងៃកំណត់ទើបវ៉ាក់សាំងមាន សុពលភាពខ្ពស់ ហើយជាងនេះទៀត ទោះបីយើងទាំងអស់គ្នាបានចាក់វ៉ាក់សាំងបង្ការកូវីត.១៩ ហើយក្ដី ក៏ត្រូវតែបន្តអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលត្រូវអនុវត្តវិធានការ៣ ការពារនិង៣កុំអោយបានខ្ជាប់ខ្ជួនបន្តទៀត។

វ៉ាក់សាំងដែលចាក់ជូនបងប្អូន គឺជាការផ្តល់ជូនពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា ដូច្នេះហើយបងប្អូនត្រូវគោរពដឹងគុណចំពោះសម្តេច៕
ដោយ ប៊ុន សំណាង

