ព័ត៌មានជាតិ

ជប៉ុន នឹងផ្ដល់ជំនួយឥតសំណងជាង៣លានដុល្លារ ដល់កម្ពុជា សម្រាប់អនុវត្តគម្រោង​ អាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានប្រកាសផ្ដល់ហិរញ្ញប្បទានឥតសំណងចំនួន ៣៦២លានយ៉េន (ប្រមាណ ៣,៣១លានដុល្លារអាមេរិក) ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ ធនធានមនុស្ស» ក្នុងឆ្នាំ២០២១ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៣ កក្កដានេះ បានបញ្ជាក់ថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៣៦២ លានយ៉េន (ប្រមាណ ៣,៣១លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» ក្នុងឆ្នាំ២០២១ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២១ នៅទីស្ដីការក្រសួង។

ហិរញ្ញប្បទានឥតសំណង ដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ដល់ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាជួយពង្រឹង បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងចំណងមិត្តភាពជាប្រពៃណី រវាងប្រទេសទាំងពីរ ៕

To Top