ព័ត៌មានជាតិ

គណបក្សថ្មី មួយទៀត ត្រូវបានក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យបង្កើត

ភ្នំពេញ ៖ គណបក្សកម្ពុជានិយមដែលសរសេរជាអក្សរកាត់ «ប.ក» មានអាសយដ្ឋាននៅបុរីពិភពថ្មីកួរស្រូវ៣ ផ្ទះលេខ៥២-៥៤ ផ្លូវបេតុង៩ម៉ែត្រ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញត្រូវបានក្រសួងមហាផ្ទៃ សម្រេចអនុញ្ញាតឲ្យបង្កើត ដើម្បីចូលរួមប្រកួតប្រជែងបោះឆ្នោតនាពេលខាងមុខ ។

យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបានដោយស្របច្បាប់ក្នុងឋានៈជា នីតិបុគ្គល ក្នុងរយៈពេល១៨០ថ្ងៃ បន្ទាប់ពីបានបង្កើតរួចហើយ គណបក្សត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួង ស្របតាមកថាខណ្ឌទី២ មាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ ។

សូមបញ្ជាក់ថា បក្សថ្មីនេះ មិនទាន់ដឹងថា ជាបក្សកើតចេញមកពីអតីតមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិនៅឡើយទេ ខណៈគិតមកដល់ពេលនេះ អតីតមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិបានបង្កើតបក្សចំនួន៥ហើយរួមមាន ៖ ១-គណបក្សឆន្ទៈខ្មែរ (មានលោក គង់ មូនីកា និងលោកគង់ គាំជាឪពុក-កូន)។ ២-គណបក្សខ្មែរអភរិក្ស (លោក រៀល ខេមរិន្ទ) ៣-គណបក្សខ្មែរស្រឡាញ់ជាតិ (លោកជីវ កត្តា) ៤-គណបក្សកំណែទម្រង់កម្ពុជា (លោក ប៉ុល ហំម និងអ៊ូ ច័ន្ទរ័ត្ន ) និង៥-គណបក្សបេះដូងជាតិ (ប្រភពអះអាងថាលោក ថាច់ សេដ្ឋា) ៕

To Top