ភ្នំពេញ ៖ គណបក្សបេះដូងជាតិ ដែលត្រូវបានប្រភព មិនបញ្ចេញឈ្មោះបង្ហើបថា លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ ខ្មែរកម្ពុជាក្រោម និងជាអតីតមន្រ្តីជាន់ខ្ពស់ របស់អតីតគណបក្សសង្រ្គោះជាតិ ដែលបានសុំសិទ្ធិធ្វើនយោបាយ កាលពីចុងឆ្នាំ២០២០ ជាអ្នកផ្តួចផ្តើមបង្កើតឡើងនោះ ត្រូវបានក្រសួងមហាផ្ទៃ អះអាងថា មិនទាន់មានលក្ខណៈគ្រប់គ្រាន់ និងត្រឹមត្រូវស្របតាម បទប្បញ្ញត្តិ នៃច្បាប់ស្ដីពី គណបក្សនយោបាយ។
យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងមហាផ្ទៃ ទទួលរួចហើយនូវពាក្យ សុំចុះបញ្ជី គណបក្សបេះដូងជាតិ ដែលសរសេរជាអក្សរកាត់ «គ.ប.ជ» ប៉ុន្តែឃើញថា សំណុំឯកសារ សុំចុះបញ្ជី របស់គណបក្សនេះ មិនទាន់មានលក្ខណៈគ្រប់គ្រាន់ និងត្រឹមត្រូវ ស្របតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្ស នយោបាយ ដោយសារពុំបានភ្ជាប់ មកជាមួយនូវឯកសារមួយចំនួន រួមមាន ៖ ទី១-សេចក្តីសម្រេចបង្កើត គណៈកម្មាធិការ បណ្ដោះអាសន្ន , ទី២-គោលនយោបាយ និងកម្មវិធីនយោបាយ សំខាន់ៗរបស់គណបក្ស និងទី៣-ជីវប្រវត្តិសង្ខេបរបស់ប្រធាន ឬស្ថាបនិក ចំនួន៣នាក់យ៉ាងតិច។
ម្យ៉ាងទៀត លក្ខន្តិកៈរបស់គណបក្ស បានកំណត់កាលបរិច្ឆេទ នៃការបង្កើតបក្សជាន់លើថ្ងៃបុណ្យ ទិវាពលកម្មអន្តរជាតិ (១-ឧសភា) និងបានចែងនូវខ្លឹមសារចំណុចសំខាន់ៗ មានលក្ខណៈច្របូកច្របល់ ដោយរៀបចំឡើងពុំស្រប តាមបញ្ញត្តិមាត្រា១០ និងមាត្រា១៧ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ ព្រមទាំងមានកំហុស អក្ខរាវិរុទ្ធជាច្រើនផងដែរ ។
កាលពីថ្ងៃ២១ មិថុនា កន្លងមកនេះ ក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាត ឲ្យបង្កើតគណបក្សបេះដូងជាតិ ដែលសរសេរជាអក្សរកាត់ «គ.ប.ជ» ដែលមានអាសយដ្ឋាន នៃទីស្នាក់ការកណ្ដាល ស្ថិតនៅផ្ទះលេខ២០៩ជ ផ្លូវបេតុងថ្មី ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា សមាសភាព នៃគណបក្សថ្មីនេះ ក្រៅពី លោក ថាច់ សេដ្ឋា ក៏មានលោក សៀម ភ្លុក ជាតំណាងស្ថាបនិក គណបក្សបេះដូងជាតិកម្ពុជា និងកញ្ញា ស៊ីន ចាន់ពៅរ៉ូស្សិត ។ លោក សៀម ភ្លុក ត្រូវបានគេដឹងថា ជាអ្នកចេញមុខសុំច្បាប់ ទៅក្រសួងមហាផ្ទៃដើម្បីបង្កើតបក្ស៕